(ភ្នំពេញ)៖ អតិផរណាជាមធ្យមប្រចាំត្រីមាសទី២ ឆ្នាំ២០២២នេះ បានកើនឡើងដល់ ៧.៤% ខណៈកាលពីត្រីមាសទី២ ឆ្នាំ២០២១ មានអត្រាត្រឹមតែ២.៨%ប៉ុណ្ណោះ។ នេះយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
តាមរយៈទិន្នន័យនេះបង្ហាញថា អត្រាអតិផរណាក្នុងត្រីមាសទី២ នៅឆ្នាំ២០២២ គឺជាអត្រាដ៏ខ្ពស់មួយដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីឆ្នាំ២០១៦ ដោយសារតែការកើនឡើងនៃតម្លៃប្រេងសាំង និងការកើនឡើងនៃតម្លៃទំនិញផ្សេងៗ បន្ទាប់ពីកើតមានវិបត្តិសកលផ្ទួនៗគ្នា បើទោះបីជាកម្ពុជា រក្សាបាននូវលំនឹងនៃអត្រាប្តូរប្រាក់ក៏ដោយ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងត្រីមាសទី២ សន្ទស្សន៍ថ្លៃសាច់ជ្រូកបានកើនឡើង៥.៩%, ត្រី ៥.៦%, ឧស្ម័ន (Gas) កើន២៧.៩%, ប្រេងសាំងធម្មតា ៤៨.៥% ។ ចំណែកទំនិញ និងសេវាកម្មផ្សេងៗ បានកើនឡើងដល់៤.៩%។
ចំណែកអត្រាប្តូរប្រាក់ ក្នុងត្រីមាសទី២ឆ្នាំនេះ ជាមធ្យមក្នុងរង្វង់ ៤ ០៦៥.១រៀលក្នុងមួយដុល្លារអាមេរិក ធ្លាក់ចុះ ០.២%។
ទន្ទឹមគ្នានេះ ក្រសួងសេដ្ឋកិច្ចក៏បានបង្ហាញសន្ទស្សន៍ថ្លៃទំនិញសំខាន់ៗ លើទីផ្សារអន្តរជាតិផងដែរ រួមមាន ប្រេងឆៅថ្លៃ ១១០.១៩៩ដុល្លារក្នុងមួយបារ៉ែល កើនឡើង៦៤.២%, កៅស៊ូ (TSR20) តម្លៃ១ ៦៥២.១០ដុល្លារក្នុងមួយតោន ថយចុះ៣%, មាសថ្លៃ ២ ០៥៦.០១ដុល្លារក្នុងមួយអោន កើនឡើង៣.៣% និងអង្ករ (បាក់៥%) ថ្លៃ៤៤៦.៣៣ដុល្លារក្នុងមួយតោន ថយចុះ៧.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ។
ក្រសួងសេដ្ឋកិច្ចបានលើកឡើងថា «សេដ្ឋកិច្ចសកល បាននិងកំពុងងើបឡើងបណ្តើរៗ និងរំពឹងថានឹងសម្រេចបានកំណើន ៣.២% ក្នុងឆ្នាំ២០២២ ដោយប្រទេសភាគច្រើន បាននិងកំពុងជំរុញវិធានការគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញ, ពន្លឿនការចាក់វ៉ាក់សាំងបន្ថែម និងធ្វើអន្តារាគមន៍នានា ដើម្បីបន្តបង្កើនភាពស៊ាំសហគមន៍រឹងមាំ និងការរស់នៅក្នុងគន្លងប្រក្រីតីភាពថ្មី ។ ទោះបីជាយ៉ាងនេះក្តី កំណើនសេដ្ឋកិច្ចសកល មានកំណើនទាបជាងការព្យាករណ៍ ក្នុងខែមេសា ដោយសារការថមថយកំណើននៃសេដ្ឋកិច្ចចិន សហរដ្ឋអាមេរិក និងឥណ្ឌា, ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសកល, ការអូសបន្លាយនៃសង្រ្គាមនៅអ៊ុយក្រែន និងការលេចឡើងនូវជំងឺកូវីដ១៩ បំប្លែងថ្មី ដែលធ្វើឱ្យរំខាន និងបង្កភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើឱ្យអត្រាអតិផរណា, ថ្លៃប្រេងឥន្ទនៈ, ថ្លៃម្ហូបអាហារ និងថ្លៃទំនិញមួយចំនួនទៀត មានការកើនឡើងខ្ពស់»។
រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តវិធានការអន្តរាគមន៍ ដូចជាការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនងាយរងគ្រោះ និងការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិត ក្នុងអំឡុងពេលព្យួរការងារជាដើម។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងកាលពីពេលកន្លងមកថា រាជរដ្ឋាភិបាលបាន និងកំពុងពន្លឿន ការរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលអាចនឹងចាប់ផ្តើមនៅមុនដំណាច់ឆ្នាំ២០២២នេះ ដើម្បីជួយរក្សាលំនឹងជីវភាពពលរដ្ឋ ដែលងាយរងគ្រោះ៕