(សិង្ហបុរី)៖ ប្រេងឆៅត្រូវបានជូញដូរក្នុងតម្លៃជាង ៨៦ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទ បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលពីរខែ ដោយសារការភ័យខ្លាច អំពីការផ្គត់ផ្គង់បានធូរស្រាល ខណៈពេលដែលការព្រួយបារម្ភ អំពីតម្រូវការប្រេងពីប្រទេសចិន និងការឡើងថ្លៃប្រាក់ដុល្លារអាមេរិក បានដាក់បន្ទុកលើថ្លៃប្រេង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយនៅខែមករាបានធ្លាក់ចុះ ៨៧សេន ឬ ១ភាគរយមកត្រឹម ៨៦.៧៥ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) សម្រាប់ចែកចាយនៅខែធ្នូ ត្រូវបានជួញដូរក្នុងតម្លៃ ៧៩.២១ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ៨៧សេន ឬ ១.១ភាគរយ។

លោកស្រី Tina Teng អ្នកវិភាគទីផ្សារប្រចាំក្រុមហ៊ុន CMC បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា «ក្រៅពីចក្ខុវិស័យតម្រូវការធ្លាក់ចុះ ដោយសារតែវិធានការទប់ស្កាត់ជំងឺកូវីដ នៅប្រទេសចិន ការឡើងថ្លៃឡើងវិញរបស់ប្រាក់ដុល្លារអាមេរិកនៅថ្ងៃនេះ ក៏ជាកត្តាជំរុញតម្លៃប្រេងធ្លាក់ចុះផងដែរ»

លោកស្រីមានប្រសាសន៍ថា «អារម្មណ៍ហានិភ័យបានប្រែក្លាយ ទៅជាមានភាពភាពផុយស្រួយ ខណៈដែលទិន្នន័យសេដ្ឋកិច្ច របស់ប្រទេសធំៗនាពេលថ្មីៗនេះ បង្ហាញពីសេណារីយោនៃការដើរថយក្រោយនៃសេដ្ឋកិច្ច ជាពិសេសនៅចក្រភពអង់គ្លេស និងតំបន់ចាយប្រាក់អឺរ៉ូ»

លោកស្រីបន្ថែមថា ការអត្ថាធិប្បាយមិនអំណោយផល ពីធនាគារកណ្តាលអាមេរិក កាលពីសប្តាហ៍មុនក៏បានបង្កឱ្យមានការព្រួយបារម្ភ អំពីចក្ខុវិស័យសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកផងដែរ៕