(បាងកក)៖ ប្រទេសថៃ និងប្រទេសអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យនានារួមទាំងថាមពល និងទេសចរណ៍ ខណៈដែលប្រទេសទាំងពីរស្តារឡើងវិញ នូវទំនាក់ទំនងការទូតពេញលេញជាបណ្តើរៗ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ប្រទេសទាំងពីរកាលពីចុងសប្តាហ៍មុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការថាមពល អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ អារ៉ាប៊ីសាអូឌីត-ថៃ និងកិច្ចព្រមព្រៀងមួយទៀត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ ដោយដកស្រង់សំដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃខណៈថ្លែងថា ប្រទេសទាំងពីរក៏នឹងរិះរកមធ្យោបាយ ដើម្បីជំរុញការវិនិយោគផ្ទាល់បន្ថែមទៀតផងដែរ។

ក្រសួងថាមពលបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា កិច្ចព្រមព្រៀងថាមពលនឹងគ្របដណ្តប់លើប្រេងឥន្ធនៈ អ៊ីដ្រូសែន ការចាប់យកកាបូន និងការស្តុកទុក បច្ចេកវិទ្យាថាមពលស្អាត និងបញ្ចេញកាបូនទាប។

កិច្ចព្រមព្រៀងនេះ មានអនុស្សរណៈនៃការយោគយល់ចំនួនពីរ (MoU) ដែលទីមួយគ្របដណ្តប់លើគម្រោងអ៊ីដ្រូសែន/អាម៉ូញាក់ពណ៌បៃតង នៅក្នុងប្រទេសថៃ។ MoU នេះនឹងត្រូវបានអនុវត្ត ដោយក្រុមហ៊ុនថាមពលរដ្ឋ PTT Plc និងអាជ្ញាធរអគ្គិសនីថៃ (Egat) រួមជាមួយនឹងក្រុមហ៊ុន Acwa Power Co របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

MoU ទីពីររវាងក្រសួងវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុន Egat Group របស់ថៃគ្របដណ្តប់លើប្រភេទផ្សេងៗ នៃថាមពលស្អាត និងការផ្លាស់ប្តូរថាមពល។

កិច្ចព្រមព្រៀងទាំងនេះ បានជំរុញឱ្យមានការបោះជំហានទៅមុខមួយទៀត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammad bin Salman មកបំពេញទស្សនកិច្ចនៅប្រទេសថៃ ក្នុងនាមជាភ្ញៀវពិសេសនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec)។

ព្រះអង្គរ និងលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ ហើយបានពិភាក្សាគ្នាអំពីវិធីធ្វើឱ្យ ទំនាក់ទំនងទ្វេភាគីប្រសើរឡើងបន្ថែមទៀត។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ៕