(ប៉េកាំង)៖ ប្រទេសចិននឹងបង្កើនការអនុវត្តគោលនយោបាយរូបិយវត្ថុដ៏ប្រុងប្រយ័ត្នរបស់ខ្លួន និងធ្វើឱ្យមានស្ថិរភាពផ្នែកការងារ និងតម្លៃទំនិញក្នុងកិច្ចប្រឹងប្រែងដើម្បីពង្រឹង និងលើកកម្ពស់ចក្ខុវិស័យសេដ្ឋកិច្ចក្នុងគ្រាដែលមានការកើនឡើងហានិភ័យពីសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍អនុវត្តគោលនយោបាយរូបិយវត្ថុប្រចាំត្រីមាសទីបីរបស់ធនាគារកណ្តាលចិន (PBoC) ដែលចេញផ្សាយនៅសប្តាហ៍នេះថា ទីក្រុងប៉េកាំងនឹងរក្សាសាច់ប្រាក់ងាយស្រួលឱ្យបានគ្រប់គ្រាន់ ណែនាំធនាគារពាណិជ្ជឱ្យពង្រីកការផ្តល់ប្រាក់កម្ចីរយៈពេលមធ្យម និងរយៈពេលវែង និងរក្សាកំណើនសមហេតុផលខាងផ្នែកផ្គត់ផ្គង់សាច់ប្រាក់និងទំហំហិរញ្ញប្បទានសង្គម។

ដោយប្តេជ្ញារក្សាតម្លៃទំនិញជាមូលដ្ឋានឱ្យមានស្ថិរភាព ធនាគារកណ្តាល PBoC បានឱ្យដឹងថា៖ «យើងនឹងភ្ជាប់សារៈសំខាន់ដ៏អស្ចារ្យទៅនឹងលទ្ធភាពកំណើនអតិផរណានាពេលអនាគត ជាពិសេសចំពោះការផ្លាស់ប្តូរផ្នែកផ្គត់ផ្គង់»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះកំពុងប្រឈមមុខនឹងភាពតានតឹងជាបន្តបន្ទាប់ រួមទាំងការរឹតបន្តឹងលើការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដែលអូសបន្លាយ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល និងការធ្លាក់ចុះទីផ្សារអចលនទ្រព្យ។

ទាក់ទងនឹងវិស័យអចលនទ្រព្យដែលមានបញ្ហា ធនាគារកណ្តាលចិនបានរំលឹកឡើងវិញថា «លំនៅឋានគឺសម្រាប់ការរស់នៅ មិនមែនសម្រាប់កេងចំណេញប្រាក់ទេ» និងបានឱ្យដឹងថា ខ្លួននឹងមិនប្រើប្រាស់អចលនទ្រព្យជាកត្តាជំរុញសេដ្ឋកិច្ចរយៈពេលខ្លីឡើយ។

ធនាគារបណ្តាលបន្តថា៖ «(យើង) នឹងបង្កើនល្បឿននៃការប្រើប្រាស់ប្រាក់កម្ចីពិសេសសម្រាប់ការបញ្ចប់ការសាងសង់លំនៅឋាន និងបង្កើនការផ្តល់ប្រាក់កម្ចីឱ្យសមស្របតាមការចាំបាច់ ហើយណែនាំធនាគារពាណិជ្ជឱ្យផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលមានភាពស៊ីគ្នា»

ពាក់ព័ន្ធនឹងការធ្លាក់ចុះថ្លៃប្រាក់យ័នធៀបនឹងប្រាក់ដុល្លារអាមេរិក ធនាគារកណ្តាលបានឱ្យដឹងថា ប្រទេសចិននឹងបង្កើនភាពបត់បែននៃអត្រាប្តូរប្រាក់យ័ន និងរក្សាស្ថិរភាពរូបិយប័ណ្ណក្នុងកម្រិតសមរម្យមួយ។ នេះបើយោងតាមទីភ្នាក់ព័ត៌មានរ៉យទ័រ៕