(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលបានឱ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង ដែលគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅចុងឆ្នាំ២០២២ ខាងមុខនេះ អាចត្រូវពន្យារពេលក្នុងការដាក់ដំណើរការ យ៉ាងហោចណាស់ពី៣ទៅ៦ខែបន្ថែមទៀត។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា មូលហេតុជាក់លាក់នៃការពន្យារពេល ក្នុងការដាក់ដំណើរការព្រលានយន្តហោះនេះ មិនទាន់ត្រូវបានបញ្ជាក់នោះទេ តែអាចបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសាកល និងវិធានការនៃការរិតត្បិតនៃការធ្វើដំណើរដោយសារបញ្ហាកូវីដ១៩ ដែលជះឥទ្ធិពលដល់ការពន្យារពេលនេះ។
លោកបន្ថែមថា ម្យ៉ាងវិញទៀតការពន្យារពេលនេះ ក៏អាចបណ្តាលមកពីក្រុមហ៊ុនជួបបញ្ហាលំហូរសាច់ប្រាក់ មានភាពយឺតយ៉ាវ ខណៈដែលវិធានការគ្មានកូវីដ-១៩ របស់រដ្ឋាភិបាលចិន ក៏បណ្តាលឱ្យក្រុមហ៊ុនជួបបញ្ហារាំងស្ទះការដឹកជញ្ជូនសម្ភារបរិក្ខាមួយចំនួនផងដែរ។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនមានការរាំងស្ទះ ក្នុងការបំពេញបែបបទពាក់ព័ន្ធសន្តិសុខ និងសុវត្ថិភាព។ ប៉ុន្តែយ៉ាងណាមិញ ការពន្យារពេលនៃការដាក់ដំណើរការព្រលានយន្តហោះនេះ ក្រុមហ៊ុនមិនទាន់បានដាក់សំណើរផ្លូវការ មកកាន់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនោះទេ។
គួរជម្រាបថា កាលពីចុងខែមេសា ឆ្នាំ២០២២នេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានចាប់ផ្តើមដំណើរតេស្តការហោះហើរ និងឧបករបច្ចេកទេស ដើម្បីធានាថា ឧបករណ៍ទាំងនោះ ឆ្លើយតបបានទៅនឹងស្តង់ដារគុណភាព អនុលោមទៅតាមលក្ខខណ្ឌតម្រូវការសុវត្ថិភាពនៃការហោះហើរ មុននឹងដាក់ដំណើរការ ដែលបានគ្រោងនៅចុងឆ្នាំ២០២២នេះ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណង វិស័យទេសចរណ៍។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350 ។ល។
យោងតាមរបាយការណ៍អាកាសចរស៊ីវិល ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវតាមផ្លូវអាកាសចំនួន ១.៦៧លាននាក់ និង កំណើនជើងហោះហើរ បានកើនឡើងដល់ជាង២ម៉ឺនជើង កើនឡើងជាង១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈការដឹកជញ្ជូនទំនិញមានចំនួនជាង៤៧០០០តោន៕