(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នា ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនរួចហើយ។
អនុស្សារណៈយោគយល់គ្នានេះ បើកផ្លូវឲ្យក្រសួងស្ថាប័នជំនាញនៃប្រទេសទាំង២ បន្តចរចាលើតម្រូវភូតគាមអនាម័យ ដើម្បីអាចអនុញ្ញាតឲ្យម្រេចកម្ពុជា អាចនាំចេញដោយផ្លូវការ ទៅកាន់ប្រទេសចិននាពេលខាងមុខ។
សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលជាបណ្តុំកសិករ និងអ្នកនាំចេញម្រេចរំពឹងថា ចិននឹងក្លាយជាទីផ្សារនាំចេញថ្មីដ៏សំខាន់ សម្រាប់សម្រេចកម្ពុជា ប្រសិនបើលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ត្រូវបានបញ្ចប់ការចរចា ឈានដល់ការនាំចេញជាផ្លូវការនោះ។
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ប្រសិនបើម្រេចកម្ពុជា អាចនាំចេញទៅចិនជាផ្លូវការ នាពេលខាងមុខ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ជាពិសេសកសិករដាំម្រេច និងអ្នកនាំចេញ ដែលជាការទទួលបានទីផ្សារថ្មីមួយទៀត ក្រៅពីទីផ្សារដែលមានស្រាប់។
លោកបន្តថា កន្លងមកនៅប្រទេសចិន ហាក់មិនសូវស្គាល់ពីម្រេចកម្ពុជាប៉ុន្មានទេ បើសិនម្រេចកម្ពុជា អាចនាំចេញទៅចិន នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះម្រេចកម្ពុជា កាន់តែល្បីថែមនៅក្នុងទីផ្សារចិន ដែលជាទីផ្សារធំ និងជំរុញការនាំចេញបានកាន់តែច្រើន ដោយសារតែកន្លង ការនាំចេញម្រេចកម្ពុជាទៅចិន គឺធ្វើឡើងតាមរយៈវៀតណាម។
លោកបន្តថា «បើសិនជាយើងអាចនាំចេញទៅចិនផ្ទាល់បាននោះ គឺល្អណាស់ សម្រាប់កម្ពុជាយើង ព្រោះចិនជាប្រទេសដែលនាំចូលម្រេចច្រើន អ៊ីចឹងយើងសង្ឃឹមថា កម្ពុជានឹងអាចនាំចេញទៅចិនច្រើន ដោយមិនពឹងផ្អែកលើប្រទេសវៀតណាម មានន័យថា យើងនឹងនាំចេញបានទៅដោយខ្លួនឯង តាមរយៈក្រុមហ៊ុននាំចេញនៅក្នុងស្រុកក៏ដូចជា អ្នកវិនិយោគមកពីចិន ដែលអាចមកទិញពីកម្ពុជាដោយផ្ទាល់ ប្រសើរជាងនាំចេញតាមរយៈប្រទេសផ្សេងៗ»។
ទោះជាបែបនេះក្តី លោក ងួន ឡាយប្រធានសមាគមលើកកម្ពស់ម្រេចកំពត ដែលជាប្រភេទម្រេចចុះបញ្ជីម៉ាក សម្គាល់ភូមិសាស្រ្ត (GI) មិនបានរំពឹងខ្ពស់លើទីផ្សារចិននោះទេ ដោយសារម្រេចកំពត មានតម្លៃថ្លៃ ដែលចិនមិនសូវមានតម្រូវការ។ លោកលើកឡើងថា កន្លងមកក៏ធ្លាប់មានឈ្មួញចិន មកសិក្សាក្នុងការនាំចេញម្រេចកំពត ទៅទីផ្សារចិនផងដែរ ប៉ុន្តែមិនត្រូវថ្លៃគ្នា។
បើតាមលោក ម៉ាក់ នី បច្ចុប្បន្ននេះ ផ្ទៃដីដីម្រេចនៅកម្ពុជា មានរង្វង់ប្រមាណ៦ពាន់ហិកតា ដោយទទួលបានទិន្នផលជាមធ្យមប្រមាណ ២ទៅ៣ម៉ឺនតោនក្នុងមួយឆ្នាំ។
ទីផ្សារម្រេចឆ្នាំ២០២២នេះ មិនសូវល្អនោះទេ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសកល ដែលនាំចេញឱ្យការនាំចេញម្រេចធ្លាក់ចុះ និងបណ្តាលឱ្យតម្លៃម្រេចធ្លាក់ចុះមកដល់ ១០០០០រៀលក្នុងមួយគីឡូក្រាម ខុសពីកន្លងមកកសិករអាចលក់តម្លៃរង្វង់ ១៤០០០រៀល ទៅ១៥០០០រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យកសិករដាំម្រេចឆ្នាំនេះ រងការខាតបង់ ស្របពេលដែលតម្លៃជី ថ្នាំកសិកម្ម អគ្គិសនី និងកម្លាំងពលកម្មមានតម្លៃថ្លៃ។
យោងតាមរបាយការក្រសួងកសិកម្ម ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណ ៧ ៣៣៥ តោន ថយចុះ ៧០.៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ជាង៦ពាន់តោន, អាល្លឺម៉ង់ចំនួនជាង ៧៧៨តោន, កោះតៃវ៉ានចំនួន ២១តោន, បារាំងចំនួនជាង ១៦តោន, ម៉ាឡេស៊ីចំនួនជាង ១៣តោន, ប៊ែលហ្ស៉ិកជាង ១៣តោន ,ឆេក ជិត១០តោន និងប្រទេសមួយចំនួនទៀត៕