(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា តាមរយៈការ Cross Check និងការពង្រឹងការអនុវត្តវិធានវិក្កយបត្រ និងកម្មវិធី វិក្កយបត្រនាំសំណាង បានជួយឲ្យអគ្គនាយកដ្ឋានពន្ធដារ រកឃើញ និងបានចាត់វិធានការពន្ធដារជាបន្តបន្ទាប់ ចំពោះសហគ្រាសមួយចំនួនមានផលរបរធំ ក៏ប៉ុន្តែព្យាយាមជ្រកជាអ្នកជាប់ពន្ធតូច។

ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយដ្ឋានពន្ធដារ។

លោកបន្តថា «ពន្ធដារដឹងថាតើសហគ្រាសណាខ្លះ ចេញវិក្កយបត្រត្រឹមត្រូវ តាមវិធានវិក្កយបត្រ និងខ្លះមិនទាន់បានចុះបញ្ជីពន្ធដារផង ដោយសារយើងមានកម្មវិធី វិក្កយបត្រនាំសំណាង ដែលចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មកទទួលបានការចូលរួម និងគាំទ្រពីសាធារណជនទូទៅយ៉ាងខ្លាំង»។

លោកបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ បានជំរុញឱ្យបង្កើនការផ្សព្វផ្សាយ អំពីការអនុវត្ត វិធានវិក្កយបត្រដល់អ្នកជាប់ពន្ធ និងជំរុញឱ្យអ្នកជាប់ពន្ធ និងសហគ្រាសទាំងអស់ អនុវត្តឱ្យបានត្រឹមត្រូវនូវការចេញវិក្កយបត្រ ស្របតាមវិធានវិក្កយបត្រ ដែលក្នុងដំណាក់កាលនេះ អគ្គនាយកដ្ឋានពន្ធដារ អនុវត្តដោយទន់ភ្លន់ ដោយផ្សព្វផ្សាយនិងណែនាំ ហើយឆាប់ៗខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តវិធានការផ្លូវច្បាប់ ចំពោះសហគ្រាសដែលមិនបានអនុវត្តត្រឹមត្រូវតាមវិធានវិក្កយបត្រ។

សូមជម្រាបថា កម្មវិធី «វិក្កយបត្រនាំសំណាង- GDT Lucky Draw» នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងនៃការកៀងគរព័ត៌មាន ក៏ដូចជាការពង្រឹងនូវអនុលោមភាពថែមទៀត ដែលបានចែងរួចរាល់ ក្នុងយុទ្ធសាស្រ្ដកៀងគរចំណូល។ កម្មវិធីវិក្កយបត្រនាំសំណាងនេះ នឹងរួមចំណែកជួយប្រមូលពន្ធ ឲ្យអស់ពីសក្ដានុពល។

ចំពោះវិក្កយបត្រនាំសំណាងនេះមិនថា បងប្អូនប្រជាពលរដ្ឋបានចូលទិញទំនិញក្នុងហាងនានា មិនថាហាងតូច ឬធំនៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធិក្នុងផ្ញើវិក្កយបត្រ ដើម្បីចូលរួមក្នុងកម្មវិធីវិក្កយបត្រនាំសំណាង។

ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានវិវិក្ដយបត្រពីបណ្ដាហាងនានា មានឈ្មោះត្រឹមត្រូវ តែមិនបានចុះបញ្ជីពន្ធដារ ក៏បងប្អូនប្រជាពលរដ្ឋ នៅតែអាចផ្ញើចូលក្នុងកម្មវិធី វិក្កយបត្រនាំសំណាង របស់ពន្ធដារ និងទទួលបានការចាប់ឆ្នោតផ្សងសំណាង។

ការចាប់ឆ្នោតយករង្វាន់មានរយៈពេល៦ខែម្ដង ដោយលើកទី១ ធ្វើឡើងនៅក្នុងខែធ្នូ ចុងឆ្នាំ២០២២នេះ រង្វាន់រួមមាន៖ រថយន្ដ Mazda ២គ្រឿង, ម៉ូតូ HONDA ១០គ្រឿង, ទូរស័ព្ទដៃ iPhone ចំនួន១០រង្វាន់ និងទូរទស្សន៍ចំនួន២០រង្វាន់៕