Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកថា ការកំណត់តម្លៃប្រេងរុស្ស៊ីនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសចិន (Video inside)

15-11-2022 17:05

(បាលី)៖ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានថ្លែងនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ការទិញប្រេងពីរុស្ស៊ីពីសំណាក់ប្រទេសចិន មានភាពស្របគ្នាទាំងស្រុង ទៅនឹងផែនការរបស់ប្រទេសលោកខាងលិច ក្នុងការរក្សាប្រេងឆៅរបស់រុស្ស៊ី នៅលើទីផ្សារពិភពលោក ហើយទីក្រុងប៉េកាំង នឹងទទួលបានអត្ថប្រយោជន៍ ពីយន្តការកំណត់តម្លៃថ្មី ដែលនឹងត្រូវដាក់ឱ្យអនុវត្ត ក្នុងខែធ្នូខាងមុខនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សំដី របស់លោកស្រី Yellen ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំក្រុមប្រទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីថា ប្រទេសចិន និងអ្នកទិញប្រេងរុស្ស៊ីផ្សេងទៀត នឹងមានអំណាចបន្ថែមទៀត ដើម្បីចរចាទម្លាបតម្លៃ។

លោកស្រី Yellen បានមានប្រសាសន៍ថា «យើងមើលឃើញថា ការកំណត់តម្លៃគឺជាអ្វីមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសឥណ្ឌា និងផ្តល់អត្ថប្រយោជន៍ដល់អ្នកទិញប្រេងរុស្ស៊ីទាំងអស់»