(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រសួងរ៉ែ និងថាមពល អជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ រៀបចំនូវវេទិកាសន្ទនាដ៏មានសារសំខាន់មួយ ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់វិស័យកសិកម្ម ក្នុងបំណងធ្វើយ៉ាងណាជួយឲ្យប្រជាកសិករ អ្នកដាំដុះ អ្នកផលិត និងកែច្នៃក្នុងវិស័យកសិកម្ម អនុវត្តឲ្យបានពេញលេញ នូវគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនី របស់រាជរដ្ឋាភិបាល ឈានដល់ការកាត់បន្ថយថ្លៃដើមនៃការផលិត។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងថា ឆ្លងការការចុះជួបជាមួយកសិករ ម្ចាស់កសិកដ្ឋាន និងអ្នកផលិតនាពេលកន្លងមក លោកសង្កេតឃើញថា ស្ទើរតែទាំងអស់ ពួកគាត់មិនបានអនុវត្តន៍លើតម្លៃអគ្គិសនី អនុគ្រោះរបស់រាជរដ្ឋាភិបាលទេ ដែលធ្វើឲ្យពួកគាត់មិនអាចចំណេញច្រើ​​ន។ ដោយហេតុនេះហើយ ទើបលោកបង្កើតនូវគំនិតផ្តួចផ្តើម ឱ្យមានការជជែកគ្នា រវាងស្ថាប័នជំនាញពាក់ព័ន្ធ ជាមួយនឹងកសិករ អ្នកផលិត អ្នកចិញ្ចឹម ដើម្បីឲ្យពួកគាត់បានយល់កាន់ច្បាស់ ពីវិធីសាស្ត្រនានា ឈានដល់ការអនុវត្តឲ្យបានពេញលេញ នូវការអនុគ្រោះថ្លៃអគ្គិសនីនេះ។

លោករដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងយ៉ាងដូច្នេះថា «ការរៀបចំឲ្យមានថ្លៃភ្លើងអនុគ្រោះនេះ មិនមែនជារឿងថ្មីទេ តាមពិតការគិតគូររបស់រាជរដ្ឋាភិបាលដែលសម្តេចតេជោ តែងតែយកចិត្តទុកដាក់ខ្ពស់ ហើយបានអនុម័ត ចេញគោលនយោបាយ អនុគ្រោះសម្រាប់វិស័យកសិកម្មនេះឡើង និងបានធ្វើការផ្សព្វផ្សាយនូវគោលនយោបាយនេះដែរ ប៉ុន្តែឆ្លងកាត់ក្នុងដំណើរទស្សនកិច្ច និងស្វែងយល់របស់ខ្ញុំផ្ទាល់ តាមបណ្តាខេត្តឃើញកសិករបងប្អូនយើង ដែលកំពុងតែចិញ្ចឹមសត្វក្តី កំពុងតែធ្វើកសិដ្ឋានក្តី គឺមិនបានទទួលនូវការអនុគ្រោះនោះទេ ហើយការមិនបានទទួលការអនុគ្រោះនេះ ខ្ញុំគិតថាអាចមកពីពួកគាត់ពុំបានដឹង ឬគាត់បានដឹង ប៉ុន្តែការស្នើសុំលើតម្លៃភ្លើងអនុគ្រោះនេះ ជួបបញ្ហាមួយចំនួនជាមួយសេវាករ [អ្នកលក់ភ្លើង]»

លោករដ្ឋមន្ត្រីបង្ហាញនូវការជឿជាក់ថា ប្រសិនបើបងប្អូនកសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិត អនុវត្តន៍បានពេញលេញ នូវគោលនយោយបាយ អនុគ្រោះថ្លៃអគ្គិសនី សម្រាប់វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលនោះការចំណាយថ្លៃដើមនឹងត្រូវកាត់បន្ថយ ហើយផលចំណេញនឹងមានកាន់តែច្រើនជាងមុន។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងថា ចាប់តាំងពីឆ្នាំ២០២១មក រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយឱ្យអនុវត្តការអនុគ្រោះថ្លៃអគ្គិសនី សម្រាប់វិស័យកសិកម្ម ដោយមានថ្លៃទាបជាងការប្រើប្រាស់អគ្គិសនីប្រភេទផ្សេងៗ និងការអនុគ្រោះពិសេសថែមទៀត គឺការប្រើប្រាស់អគ្គិសនី របស់អ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទ ក្នុងវិស័យកសិកម្មនៅពេលយប់ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ត្រូវបានអនុគ្រោះឲ្យបង់ថ្លៃអគ្គិសនីត្រឹមតែ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។

លោកបន្តថា បន្ទាប់ពីបានដាក់ចេញនូវគោលនយោបាយនេះហើយ ជាង១ឆ្នាំមកនេះ ការអនុវត្តអត្រាថ្លៃអនុគ្រោះធ្វើបានជាទូទៅ តែអត្រាអនុគ្រោះថ្លៃអគ្គិសនី ដែលទាបជាងថ្លៃប្រើប្រាស់អគ្គិសនី ប្រភេទផ្សេងៗប៉ុណ្ណោះ។ ដោយឡែកចំពោះការអនុគ្រោះថ្លៃអគ្គិសនី សម្រាប់វិស័យកសិកម្ម ដែលប្រើនៅពេលយប់ នៅមិនទាន់មានការអនុវត្តជាទូទៅនោះឡើយ ម្យ៉ាងដោយសារអ្នកប្រើប្រាស់ក្នុងវិស័យនេះ មិនទាន់យល់ដឹងអំពីការអនុគ្រោះថ្លៃបន្ថែមនេះ និងនីតិវិធីដែលត្រូវទទួលបានការអនុគ្រោះថ្លៃបន្ថែមនៅពេលយប់ និងម្យ៉ាងទៀត អ្នកធ្វើការងារក្នុងតំបន់របស់អគ្គិសនីកម្ពុជា និងអ្នកកាន់អាជ្ញាបណ្ណឯកជន ក៏មិនទាន់យល់អំពីការអនុវត្តនីតិវិធី ក្នុងការអនុវត្តថ្លៃអនុគ្រោះថ្លៃបន្ថែមនេះនៅឡើយ។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ខ្ញុំគិតអ្នកប្រកបរបរវិស័យកសិកម្មនេះ គឺជាអ្នកក្លាហានបំផុត ព្រោះវិស័យកសិកម្ម ពិបាកនឹងយកផលចំណេញមកវិញឆាប់ណាស់ ត្រូវការពេលវេលា ហើយបញ្ហាប្រឈមមានច្រើន អីចឹងហើយបានជារាជរដ្ឋាភិបាលរៀបចំគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ហើយកសិកម្មមានថ្លៃអនុគ្រោះមួយពិសេសបន្ថែម ពីលើវិស័យឧស្សាហកម្ម»

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងជំរុញឲ្យបងប្អូនកសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិត ចូលរួមអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលលើការអនុគ្រោះថ្លែអគ្គិសនី សម្រាប់វិស័យកសិកម្មនេះ ឲ្យបានពេញលេញ ដោយត្រូវដាក់ពាក្យស្នើសុំទៅកាន់សេវាករ [អ្នកលក់អគ្គិសនី] ដែលនៅជិតទីតាំងរបស់ខ្លួន។ នៅពេលដែលអនុវត្តបានពេញលេញហើយ រាជរដ្ឋាភិបាល អាចនឹងពិនិត្យលទ្ធភាពអនុគ្រោះបន្តទៀត។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «យើងចង់ឲ្យគោលនយោបាយនេះដើរមួយជំហានសិន ដើរឲ្យពេញលេញហើយ យើងនឹងធ្វើការសិក្សារួមគ្នាទៀត ដើម្បីរកមើលលទ្ធភាពផ្សេងណាទៀត ដែលយើងអាចធ្វើបានដើម្បីជួយគ្នា ព្រោះគោលដៅយើងដូចគ្នាទេ គឺចង់ឲ្យវិស័យកសិកម្មយើងដើរ»

លោក កែវ រតនៈ បានបញ្ជាក់ថា តម្លៃអគ្គិសនីអនុគ្រោះ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់៧ព្រឹក គឺជាតម្លៃដែលរាជរដ្ឋាភិបាលឧបត្ថម្ភធន មានន័យថារាជរដ្ឋាភិបាលលក់ភ្លើងក្នុងតម្លៃខាត ដែលថ្លៃដើមអគ្គិសនីក្នុងពេលបច្ចុប្បន្ន តម្លៃប្រមាណ១ពាន់រៀលក្នុង១គីឡូវ៉ាត់ម៉ោង។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានជំរុញលើកទឹកចិត្តឲ្យបងប្អូនកសិករ អ្នកផលិត អ្នកចិញ្ចឹមសត្វ ប្រើប្រាស់អគ្គិសនីនៅពេលយប់ ឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម តាមរយៈគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនេះ។

ជាមួយគ្នានេះ អគ្គនាយកអគ្គិសនីកម្ពុជា និងប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានប្រកាសការរង់ចាំសហការជាមួយបងប្អូនក្នុងវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងការភ្ជាប់បណ្តាញអគ្គិសិនី ដែលមានការអនុគ្រោះថ្លៃ។

ដើម្បីឲ្យងាយស្រួល លោក កែវ រតនៈ ក៏បានប្រកាសលេខទូរស័ព្ទ Hotline ដល់កសិករ អ្នកផលិត អ្នកចិញ្ចឹមសត្វ ដោយអាចទាក់ទងតាមរយៈ លេខ ០៧៧ ២២២ ០១២ និង ០៩០ ៩០៣ ៣១១ ឬអាចទាក់ទងតាមរយៈ Facebook របស់អគ្គិសនីកម្ពុជា៕