(ភ្នំពេញ)៖ កម្ពុជា-ជប៉ុន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) លើការអភិវឌ្ឍឧស្សាហកម្មយានយន្ដនៅកម្ពុជា។
ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន, ភាគីកម្ពុជាចុះហត្ថលេខា ដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយភាគីជប៉ុនតំណាងដោយលោក Toshimitsu Imai អនុប្រធានក្រុមហ៊ុន Toyota Tsusho ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។
ការចុះអនុស្សរណៈគ្នានេះ ធ្វើឡើងស្របពេលដែលពីថ្មីៗនេះ ក្រុមហ៊ុន Toyota បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ក្នុងទុនវិនិយោគចំនួន៣៦.៨លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរថយន្តនៅកម្ពុជា។
អនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងដោយគូភាគីទាំងពីរ មានបំណងបង្កើតកិច្ចសហប្រតិបត្តិការដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍន៍ ឧស្សាហកម្ម យានយន្តនៅកម្ពុជា បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន Toyota Tsusho នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងវិស័យឧស្សាហកម្មយានយន្ត សេដ្ឋកិច្ច និងសង្គម។
សូមជម្រាបថា ថ្មីៗនេះក្រុមហ៊ុន Toyota Tsusho បានបង្កើតក្រុមហ៊ុនតម្លើងរថយន្តថ្មីមួយឈ្មោះថា Toyota Tsusho Manufacturing (Cambodia) Co., Ltd. (TTMC) នៅកម្ពុជាកាលពី ខែសីហា ឆ្នាំ២០២២ ក្រោមទុនវិនិយោគ៣៦,៨លានដុល្លារសហរដ្ឋអាមេរិក មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ក្រុមហ៊ុននឹងតម្លើងរថយន្តប្រភេទ Pick-up និង SUV ដូចជា TOYOTA HILUX និង TOYOTA FORTUNER។ ក្រុមហ៊ុន Toyota Tsusho ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Toyota Cambodia Co., Ltd. និងជាអ្នកចែកចាយផ្តាច់មុខនៃរថយន្ត TOYOTA ជាម៉ាករថយន្តឈានមុខគេនៅកម្ពុជា៕