(ភ្នំពេញ)៖ សមាគធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមបដិសេធចំពោះបណ្តាញ Payeer ដែលជួញដូរលើរូបិយវត្ថុគ្រីបតូថាបានសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការទូទាត់ ដកប្រាក់ និងដាក់ប្រាក់ លើការជួញដូរ ប្រភេទ រូបិយវត្ថុគ្រីបតូនៅកម្ពុជា។
យោងតាមសេចក្តីថ្លែងការរបស់សមាគមទាំង៣ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកានេះបញ្ជាក់ថា ផ្លេតហ្វមទាក់ទងនឹងរូបិយវត្ថុគ្រីបតូមួយចំនួន ជាពិសេស PAYEER បានប្រើប្រាស់ឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមទាំងបី ដោយគ្មានការអនុញ្ញាត និងបានផ្សព្វផ្សាយពីកិច្ចសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួន ក្នុងការទូទាត់ការដាក់ប្រាក់ និងដកប្រាក់លើការវិនិយោគ និងការជួញដូរលើរូបិយវត្ថុគ្រីបតូ រួមមាន Bitcoin, Ethereum និងកាបូប Crypto ជាដើម។
សេចក្តីថ្លែងការណ៍នេះបញ្ជាក់យ៉ាងដូច្នេះថា «សមាគមទាំងបីព្រមទាំងសមាជិករបស់ខ្លួនទាំងអស់ សូមធ្វើការបដិសេធ ចំពោះការផ្សព្វផ្សាយនេះ និងប្រកាសមិនជាប់ពាក់ព័ន្ធ ទៅនឹងក្រុមហ៊ុន PAYEER ឬមានកិច្ចសហប្រតិបត្តិការលើការទូទាត់ ឬការជួញ
ដូរលើប្រភេទរូបិយវត្ថុគ្រីបតូឡើយ»។
សមាគមទាំងបី សូមធ្វើការក្រើនរំលឹកដល់សាធារណជនថា ការធ្វើប្រតិបត្តិការលើរូបិយវត្ថុគ្រីបតូ (Crypto) រួមមានមាន Bitcoin, Ethereum និង កាបូប Crypto ជាដើម មិនបានទទួលស្គាល់ជាផ្លូវការទេ នៅកម្ពុជា៕
សមាគមចំនួន៣ បានអំណាវនាវដល់ សាធារណជនប្រុងប្រយ័ត្នរាល់ប្រតិបត្តិការ និងសកម្មភាពទាំងអស់នេះ ចៀសវាងធ្លាក់ក្នុងការបោកបញ្ឆោតអូសទាញវិនិយោគ ឬ ជួញដូរឧបករណ៍ហិរញ្ញវត្ថុនេះ ដែលមិនមានសុវត្ថិភាព និងអាចនឹងនាំឱ្យមានការខាតបង់៕