(ភ្នំពេញ)៖ ការនាំចេញទំនិញរបស់កម្ពុជា នៅតែបង្ហាញសញ្ញាញល្អប្រសើរ បើទោះបីជាពិភពលោកកំពុងជួបវិបត្តិសាកល ដោយក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាបានសម្រេចទំហំពាណិជ្ជកម្មអន្តរជាតិបានជាង ៤៤.៥ពាន់លានដុល្លារកើនឡើងជិត១៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យដដែលបានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ១៨ពាន់លានដុល្លារកើនឡើង ១៩.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលមានតម្លៃជាង ១៥ពាន់លានដុល្លារ។
ចំណែកការនាំចូលទំនិញក្នុងរយៈពេល១០ខែនេះ មានតម្លៃជាង ២៥ពាន់លានដុល្លារ កើនឡើង១២% បើធៀបនឹងរយៈពេលគ្នាកាលពីឆ្នាំ២០២១ ដែលមានតម្លៃជាង ២៣ពាន់លានដុល្លារ។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមានចិន ដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ៩.៦ពាន់លានដុល្លារ កើនឡើង ៧.១%, សហរដ្ឋអាមេរិក សម្រេចបានទំហំពាណិជ្ជកម្មជិត ៨ពាន់លានដុល្លារកើនឡើង ២៤.២%, វៀតណាម សម្រេចបានជាង ៥ពាន់លានដុល្លារកើនឡើង ២០.៥% ខណៈប្រទេសថៃ សម្រេចបានទំហំពាណិជ្ជកម្មតម្លៃជាង ៣.៩ពាន់លានដុល្លារ កើនឡើង ២១.៤% រួមនឹងប្រទេសផ្សេងទៀតដូចជា សិង្ហបុរី ជប៉ុន ស្វីស អាល្លឺម៉ង់ តៃវ៉ាន់ កាណាដា ហុងកុង អង់គ្លេស ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ប៊ែលហ្សិក ម៉ាឡេស៊ី ហូឡង់ បារាំង អូស្រ្តាលី និងអេស្ប៉ាញជាដើម។
កម្ពុជាបាននាំចេញទំនិញសំខាន់ៗដូចជា សម្លៀកបំពាក់ជាង៧.៧ពាន់លានដុល្លារ , ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃជាង ១.៤ពាន់លានដុល្លារ, ស្បែកជើងមានតម្លៃជាង១.៤ពាន់លានដុល្លារ រួមនឹងទំនិញផ្សេងៗទៀត៕