(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យខុនដូនៅកម្ពុជា បានបង្ហាញពីឱកាស និងសក្ដានុពលដល់វិនិយោគិនក្នុងស្រុក ចាប់ឱកាសវិនិយោគលើទីផ្សារខុនដូ ព្រោះថាជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែធូរធារ បូកផ្សំនឹងលំហូរនៃវិនិយោគពីក្រៅប្រទេសផងនោះ នឹងធ្វើឲ្យការវិនិយោគលើវិស័យខុនដូ ទទួលបានភាពល្អប្រសើរ។
លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានលើកឡើងថា កត្តាទាំងនេះបង្ហាញថា ពេលនេះជាឱកាសសម្រាប់វិនិយោគិនក្នុងស្រុក ងាកមកវិនិយោគលើទីផ្សារខុនដូ។
ការលើកឡើងរបសលោក ខន គង្គា ធ្វើឡើងក្នុងឱកាសចូលរួម ក្នុងកម្មវីធីសន្និបាតធុរកិច្ចប្រចាំឆ្នាំរបស់ក្រុមហ៊ុន ERA Cambodia នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ខន គង្គា បានលើកឡើងថា «ទីផ្សារខុនដូជាការអភិវឌ្ឍសម្រាប់រយៈពេលវែង ហើយជាជម្រើសល្អ សម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងវិនិយោគិនបរទេស ដោយសារកំណើនពលរដ្ឋកម្ពុជា មានកម្រិតជីវភាពធូរធានឹងបន្តកើនឡើង រួមទាំងការកើនឡើងនៃលំហូរវិនយោគពីក្រៅប្រទេស និងជនបរទេស ដែលមកប្រកបកិច្ចការ និងធ្វើការធុរកិច្ចនៅកម្ពុជា»។
លោកបានបន្ដថា ម៉្យាងវិញទៀតតម្លៃខុនដូនៅកម្ពុជា អាចមានអត្រាកំណើនជាមធ្យម ១៥ភាគរយក្នុងមួយឆ្នាំ ជាអត្រានៃផលចំណេញខ្ពស់ បើធៀបនឹងប្រទេសមួយចំនួន ក្នុងតំបន់អាស៊ី។
លោកបន្តថា «ស្ថានភាពបច្ចុប្បន្នជាឱកាសដ៏ល្អ សម្រាប់ការជ្រើសរើសវិនិយោគលើខុនដូ ព្រោះមានគម្រោងជាច្រើន ផ្តល់លក្ខខណ្ឌទូទាត់បត់បែន ថែមទាំងលក់បញ្ចុះតម្លៃជាច្រើន ដើម្បីទាញយកផលចំណេញពីការវិនិយោគ ក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ សូមលើកទឹកចិត្តដល់អ្នកវិនិយោគ ធ្វើការជាមួយភ្នាក់ងារជំនាញ ប្រឹក្សាយោបល់ ដើម្បីសម្រេចចិត្តវិនិយោគ ឱ្យបានត្រឹមត្រូវ»។
លោកបានបន្ដទៀតថា ខុនដូជាលំនៅឋានបែបសហកម្មសិទ្ធិ ជាចំណែកទីផ្សារដ៏មានសក្តានុពល ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នការផ្គត់ផ្គង់ខុនដូ នៅរាជធានីភ្នំពេញមានប្រហែល៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០អគារ ចំនួននេះត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់ប្រមាណ៨ម៉ឺនយូនីត នៅឆ្នាំ២០២៥។
ទោះយ៉ាងនេះក្តីឥទ្ធិពលនៃជំងឺកូវីដ១៩ និងបញ្ហាសេដ្ឋកិច្ចសកល ការផ្គត់ផ្គង់ខុនដូហាក់មានកំណើនតិចតូច ចំណែកឯតម្លៃទីផ្សារខុនដូវិញ ក៏បង្ហាញកំណើនប្រែប្រួលតិចតូច បើធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។
យោងតាមការស្រាវជ្រាវពីក្រុមហ៊ុនជំនាញ ក្នុងវិស័យអចលនទ្រព្យបង្ហាញថា បច្ចុប្បន្នខុនដូមានតម្លៃជាមធ្យមចាប់ពី ១៥០០-៣០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃជួលវិញជាមធ្យមចាប់ពី ៨ទៅ១៤ដុល្លារ ក្នុងមួយម៉ែត្រការ៉េរយៈពេលក្នុងមួយខែ។
ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក បង្កើតឡើងក្នុងឆ្នាំ១៩៧១ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកនេះ មានភ្នាក់ងារអាជីពប្រមាណ ៤០០០០នាក់ជាមួយការរិយាល័យប្រតិបត្តិការ ដល់ទៅ២២០០ការិយាល័យ នៅទូទាំង៣៧ប្រទេសលើពិភពលោក។
ERA Cambodia ជាក្រុមហ៊ុនមានឯកទេសទិញ លក់ និងជួលខុនដូ ដោយផ្ដោតលើតំបន់សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប បច្ចុប្បន្នក្រុមហ៊ុនមានភ្នាក់ងារប្រមាណ១៧០០នាក់ សម្រាប់បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។
វត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជារយៈពេលជាង ៤ឆ្នាំបានរួមចំណែកដ៏សំខាន់ ក្នុងទីផ្សារខុនដូនៅកម្ពុជា ដែលមានភ្នាក់ងារផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ ធ្វើឱ្យក្រុមហ៊ុននេះ ទទួលបានការសហការ ដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះ បូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។
មិនតែប៉ុណ្ណោះ ERA Cambodia ក៏បានរួមចំណែកដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដោយក្រុមហ៊ុនមានផែនការបង្កើន ភ្នាក់ងារលក់ពី១៧០០នាក់ នាពេលបច្ចុប្បន្នដល់ប្រមាណ៥០០០នាក់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ៕