(ភ្នំពេញ)៖ ភាគីកម្ពុជា និងហ្វីលីពីន បានឯកភាពគ្នា ក្នុងការជំរុញការធ្វើពាណិជ្ជកម្មអង្ករ ឲ្យកាន់តែឆាប់រហ័ស ទាំងក្នុងក្របខណ្ឌរដ្ឋ និងរដ្ឋ ឯកជន និងឯកជន។
ការឯកភាពគ្នានេះធ្វើឡើងរវាងក្រុមហ៊ុន ហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនឹង សាជីវកម្ម Philippine International Trading Corporation ក្នុងជំនួបកិច្ចប្រជុំបានពិភាក្សា ទៅលើការងារបច្ចេកទេសសម្រាប់ការនាំចេញអង្ករ ទៅកាន់ប្រទេសហ្វីលីពីន នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល ក្រុមហ៊ុន ហ្គ្រីនត្រេដ។
កិច្ចប្រជុំពិភាក្សានេះ ភាគីកម្ពុជាដឹកនាំដោយលោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានអគ្គនាយក ក្រុមហ៊ុន ហ្គ្រីន ត្រេដ និងដោយភាគីខាងប្រទេសហ្វីលីពីន ដឹកនាំដោយលោកស្រី Emmie Liza Perez-Chiong ជាប្រធានអគ្គនាយកសាជីវកម្ម Philippine International Trading Corporation ។
សាជីវកម្ម Philippine International Trading Corporation ជាស្ថាប័នរដ្ឋរបស់ប្រទេសហ្វីលីពីន ក្នុងការចាត់ចែងលើចំនួននាំចូល និងចែកចាយនៅក្នុងប្រទេសហ្វីលីពីន។
នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានធ្វើការពិភាក្សាអំពីលទ្ធភាព និងយន្តការលើការការដឹកជញ្ជូនភ័ស្តុភារកម្ម និងស្តង់ដារអង្ករដែលភាគីប្រទេសហ្វីលីពីនមានតម្រូវការ។ ជារួមសម្រាប់កម្ពុជា គឺត្រៀមខ្លួនរួចជាស្រេចក្នុងដំណើរការពាណិជ្ជកម្មជាមួយប្រទេសហ្វីលីពីន។
ដើម្បីឲ្យការងារនេះអាចសម្រេចបានលឿន លោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក ក្រុមហ៊ុន ហ្គ្រីន ត្រេដ បានសំណូមពរឲ្យមានការរៀបចំនូវយន្តការដើម្បីអនុវត្តអនុស្សារណៈយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងប្រទេសទាំ២ ឲ្យមានឆាប់រហ័ស ដែលខ្លឹមសារនៃ អនុស្សរណៈយោគយល់នេះដើម្បីបើកផ្លូវឲ្យមានការនាំចេញរវាងក្របខណ្ឌ រដ្ឋ និងរដ្ឋ។
ភាគីទាំងពីរក៏បានឯកភាពឱ្យមានការធ្វើពាណិជ្ជកម្មអង្ករឲ្យកាន់តែឆាប់ ក្រោមរូបភាពវិស័យឯកជន និងឯកជនផងដែរ។
លោកស្រី Emmie Liza Perez-Chiong សន្យានឹងខិតខំជំរុញការងារពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរឱ្យកាន់តែឆាប់ តាមរយៈការរៀបចំកិច្ចប្រជុំផ្គូរផ្គងពាណិជ្ជករ រវាងប្រទេសទាំងពីរ តាមរយៈ អនឡាញក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយភាគីកម្ពុជានឹងដឹកនាំពាណិជ្ជករអ្នកនាំចេញ ទៅកាន់ប្រទេសហ្វីលីពីន ក្នុងរយៈពេលដ៏ខ្លីខាងមុខនៅដើមឆ្នាំ២០២៣ ផងដែរ។
កិច្ចប្រជុំបានបញ្ចប់ប្រកបដោយលទ្ធភាពផ្លែផ្កា និងសុទិដ្ឋិនិយមខ្ពស់ ក្នុងការចាប់ផ្តើមនាំអង្ករចេញទៅកាន់ប្រទេសហ្វីលីពីនក្នុងរយៈពេលដ៏ខ្លីខាងមុខ ដែលស្របតាមគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា ជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យហ្វីលីពីននាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា ឱ្យបានកាន់តែច្រើន ជាពិសេសបានជំរុញឱ្យហ្វីលីពីន វិនិយោគលើវិស័យកសិកម្មរបស់កម្ពុជា ដូចជាក្នុងដំណើរការរោងម៉ាស៊ីនកិនស្រូវ សម្រាប់ការនាំចេញទៅកាន់ប្រទេសហ្វីលីពីន ដើម្បីបំពេញតម្រូវការរបស់ប្រទេសនេះ៕