(ភ្នំពេញ)៖ លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថា ការនាំចេញម្រេចកំពតដែលផលិតផលសម្គាល់ភូមិសាស្រ្ត (GI) ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំនេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែវិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យទីផ្សារម្រេចកំពតនៅឆ្នាំនេះមានភាពចង្អៀត ខណៈទីផ្សារក្នុងស្រុកសម្រាប់ភ្ញៀវទេសចរ មិនទាន់ប្រសើរឡើងវិញ។
លោក ងួន ឡាយ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ វិច្ឆិកានេះថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ការនាំចេញម្រេចកំពត សម្រេចបានជាង៥៧តោនប៉ុណ្ណោះ ធ្លាក់ចុះជិតពាក់កណ្តាលបើធៀបកាលពីឆ្នាំមុន ដែលបាននាំចេញប្រមាណ ១០០តោន។
លោកបន្តថា ការនាំចេញធ្លាក់ចុះ គឺដោយសារឥទិ្ធពលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការធ្លាក់ចុះនៃប្រាក់អឺរ៉ូ ដែលធ្វើឱ្យក្រុមហ៊ុននាំចេញរងការខាតបង់ បណ្តាលឱ្យក្រុមហ៊ុនពន្យារការទិញពីកសិករ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការនាំចេញវានៅតែទៅអីចឹង តែតិចៗវាមិនបុកច្រើនដូចឆ្នាំទៅ ដែលឆ្នាំ២០២១ យើងនាំចេញបានជាង១០០តោន ហើយឆ្នាំនេះមកដល់ខែនេះហើយ យើងទើបនាំចេញបានជិត៦០តោនប៉ុណ្ណោះ។ ម្រេចកំពតទីផ្សារយើងទៅអឺរ៉ុប អាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង តៃវ៉ាន់ ហើយប្រទេសឆែក ដែលធ្លាប់តែនាំចេញទៅច្រើនៗ តែឥឡូវកំពុងជាប់ជាមួយនឹងបញ្ហាសង្រ្គាមអ៊ុយក្រែន ធ្វើឱ្យការនាំចេញធ្លាក់ចុះជាងមុន។ ឆ្នាំនេះ យើងក៏មានយកទៅរុស្ស៊ីដែរ ចំនួន៣០គីឡូកាលពីប៉ុន្មានខែមុន ប៉ុន្តែឥឡូវស្ងាត់។ ប្រសិនបើយើងបានទីផ្សាររុស្ស៊ីមួយទៀត កាន់តែទូលាយ»។
បើតាមប្រធានសមាគមរូបនេះ ទិន្នផលម្រេចកំពតប៉ាន់ស្មានក្នុងឆ្នាំ២០២២ មានចំនួន ១០៦តោន ។ ប៉ុន្តែការប្រមូលផលម្រេចមិនទាន់បញ្ចប់១០០% នៅឡើយទេ ដូចនេះក្រុហ៊ុនអាចបញ្ជាទិញ និងនាំចេញនៅពេលក្រោយបន្តទៀត។ ចំណែកតម្លៃវិញនៅរក្សាដដែល គឺម្រេចខ្មៅតម្លៃ ១៥ដុល្លារក្នុង១គីឡូក្រាម ម្រេចក្រហមតម្លៃ ២៥ដុល្លារក្នុង១គីឡូក្រាម និងម្រេចសតម្លៃ ២៨ដុល្លារក្នុងមួយគីឡូក្រាម។
លោកបានឱ្យដឹងទៀតថា ការនាំចេញធ្លាក់ចុះនេះ បានធ្វើកសិករលក្ខណៈតូចតាច រងផលប៉ះពាល់យ៉ាងខ្លាំង ដោយតែពួកគេ ត្រូវចំណាយទៅលើកម្លាំងពលកម្ម និងការថែទាំដាំដុះ ហេតុនេះហើយទើបធ្វើឱ្យកសិករមួយចំនួន សម្រេចចិត្តលក់ម្រេចក្នុងតម្លៃថោកក្រោមទីផ្សារ ដោយមិនប្រើប្រាស់ឈ្មោះម្រេចកំពតឡើយ។ ចំណែកក្រុមហ៊ុនធំដាំដុះលក្ខណៈធំៗ ក៏រងការខាតបង់ដូចគ្នាផងដែរ។
យោងតាមរបាយការណ៍របស់សមាគមម្រេចកំពត ក្នុងរយៈពេល៩ខែនេះ កម្ពុជាបាននាំចេញម្រេចកំពត ទៅទីផ្សារសំខាន់រួមមាន បារាំង ចំនួនជាង ៣ម៉ឺន៣ពាន់គីឡូក្រាម, កាណាដាចំនួន១ ២៥៣ គីឡូក្រាម, អង់គ្លេសចំនួនជាង ៩០០គីឡូក្រាម, អាមេរិកចំនួន ៤៨៣គីឡូក្រាម, អាល្លឺម៉ង់ ចំនួនជាង១ម៉ឺន១ពាន់គីឡូក្រាម, ជប៉ុនចំនួន ៤០៥គីឡូក្រាម, កូរ៉េចំនួន ៨៤០គីឡូក្រាម, ឆែក ជាង ៧ពាន់គីឡូក្រាម, សិង្ហបុរី ចំនួន៥០គីឡូក្រាម, ស្វីសចំនួន ២៩០គីឡូក្រាម, ស៊ុយអ៊ែដ ចំនួន ៣៩៥គីឡូក្រាម, តៃវ៉ាន់ចំនួន ១៥គីឡូក្រាម, កាហ្សាស្ថាន ចំនួនជាង២២គីឡូក្រាម, ហុល្លង់ ចំនួន ១១០គីឡូក្រាម និងប្រទេសលីធូនី ចំនួន៣៨៩គីឡូក្រាម។
បច្ចុប្បន្ននេះ សមាជិករបស់សមាគមលើកកម្ពស់ម្រេចកំពតមានចំនួន ៣៧៧ នាក់ និងសមាជិកក្រុមហ៊ុនមានចំនួន៣០ក្រុមហ៊ុន៕