(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៣.ពាន់លានដុល្លារអាមេរិក កើនឡើង ១៥គម្រោង និងទុនវិនិយោគកើនឡើងប្រមាណ ១.៣%។

ថ្លែងក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគដែលកម្ពុជាបានអនុម័តចាប់ពីខែមករា ដល់ខែតុលា ទាំង១៦១គម្រោងនេះ ក្នុងនោះ វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេ ដោយវិស័យឧស្សាហកម្មមានចំនួន ៤១,៥% និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៥១%។

លោកបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការងារវិនិយោគឯកជន បាននិងកំពុងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅបន្តទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈការចូលរួមរៀបចំ និងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការធ្វើទំនើបកម្មលើការងារចុះបញ្ជីគម្រោងវិនិយោគ និងការរៀបចំយន្តការទាក់ទាញវិនិយោគចំគោលដៅ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំ អនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយក៏កំពុងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាក្របខណ្ឌគតិយុត្ត និងយន្តការផ្សេងៗទៀតផងដែរ។

លោកមានប្រសាសន៍ទៀតថា «ចំពោះការដាក់ចេញនូវយន្តការទាក់ទាញវិនិយោគចំគោលដៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដាក់ឱ្យដំណើរការ «តុវិនិយោគកសិ-ចំណីអាហារកម្ពុជា»ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាបន្ថែមមួយកម្រិតទៀត និងរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកដែលគ្រោងនឹងដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងអនុម័តនាបំណាច់ឆ្នាំ២០២២នេះ។»

លោកបន្ថែមថា ផែនទីបង្ហាញផ្លូវនេះ ត្រូវបានរំពឹងថានឹងចូលរួមចំណែកក្នុងការបង្កើនការផលិត និងការនាំចេញផលិតផលក្នុងវិស័យទាំងពីរ បង្កើនចំនួនការងារ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអនុវត្តប្រកបដោយភាពមុតស្រួច និងចំគោលដៅ។ វិធានការទាំងនេះ នឹងមិនត្រឹមតែចូលរួមដោះស្រាយបញ្ហាប្រឈមចម្បងៗមួយចំនួននៅក្នុងវិស័យទាំងពីរនេះប៉ុណ្ណោះទេ ថែមទាំងនឹងជួយធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍វិនិយោគក្នុងវិស័យដទៃទៀត ជាពិសេសក្នុងវិស័យដែលមានសកម្មភាពវិនិយោគស្ថិតនៅក្នុងខ្សែបណ្ដោយ តែមួយ ជាមួយនឹងវិស័យទាំងពីរខាងលើ។ វិធានការមួយក្នុងចំណោមវិធានការទាំង២០ នៃផែនទីបង្ហាញផ្លូវនេះ បានចង្អុលឱ្យបង្កើតយុទ្ធសាស្រ្តប្រទេសបូកដោយផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មនៃវិស័យទាំងពីរទៅខ្សែច្រវាក់ផលិតកម្មរបស់ប្រទេសជិតខាងដូចជាប្រទេសវៀតណាម និងប្រទេសថៃ។

បើតាមអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះ កាលពីឆ្នាំ២០២០ ខណៈពេលដែលរំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅក្នុងពិភពលោក រួមទាំងតំបន់អាស៊ាន មានការធ្លាក់ចុះយ៉ាងគំហុក ក្នុងរង្វង់៣០-៣៥% ប៉ុន្តែកម្ពុជាថយចុះត្រឹមតែ១%ប៉ុណ្ណោះ និងនៅឆ្នាំ២០២១ ថយចុះប្រមាណ៣.៨% ដោយសារតែជំងឺកូវីដ១៩រីករាលដាលកាន់តែខ្លាំងនៅកម្ពុជា ដែលនាំឱ្យមានការដាក់ចេញនូវវិធានការរដ្ឋបាល វិធានការសុខាភិបាល ការរឹតបន្តឹងការធ្វើដំណើរ និងការផ្អាកសកម្មភាពសេដ្ឋកិច្ចមួយចំនួន ដែលជាហេតុធ្វើឱ្យរំហូរទុនវិនិយោគផ្ទាល់ពីបរទេសថយចុះនៅពេលនោះ ៕