(តូក្យូ)៖ សម្ព័ន្ធក្រុមហ៊ុនមួយរបស់ជប៉ុនបានសម្រេចចិត្តរក្សាភាគហ៊ុនរបស់ខ្លួននៅក្នុងប្រតិបត្តិករថាមពលរុស្ស៊ីសម្រាប់គម្រោងប្រេង និងឧស្ម័ន Sakhalin-1 ហើយគ្រោងនឹងជូនដំណឹងដល់ទីក្រុងម៉ូស្គូអំពីការសម្រេចចិត្តនេះ ដើម្បីធានាបានការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាពសម្រាប់ប្រទេសជប៉ុនដែលខ្វះខាតធនធាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មជប៉ុនខណៈថ្លែងថា៖ «វាជាគម្រោងដ៏សំខាន់បំផុត»

ការថ្លែងរបស់លោករដ្ឋមន្ត្រីធ្វើឡើងកាលពីថ្ងៃសុក្រក្នុងការស្វាគមន៍ការសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់ភាគទុនិករបស់ក្រុមហ៊ុនអភិវឌ្ឍន៍ប្រេងនិងឧស្ម័ន Sakhalin Oil and Gas Development (SODECO) ដែលជាសម្ព័ន្ធក្រុមហ៊ុនជប៉ុនដែលកាន់កាប់ភាគហ៊ុន ៣០ភាគរយនៅក្នុងគម្រោង Sakhalin-1 នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី។

លោក Nishimura បាននិយាយថា ក្រុមហ៊ុន SODECO ត្រូវបានរំពឹងថានឹងជូនដំណឹងដល់ប្រតិបត្តិកររុស្ស៊ីអំពីការសម្រេចចិត្តរបស់ខ្លួនត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ដោយបំពេញតាមកាលបរិច្ឆេទកំណត់ដោយប្រទេសរុស្ស៊ី។ លោកបាននិយាយថា រដ្ឋាភិបាលជប៉ុននឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាសន្តិសុខថាមពលរបស់ប្រទេសជប៉ុនដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន។

ការសម្រេចចិត្តរបស់ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន SODECO កាលពីថ្ងៃសុក្របានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Nishimura បានជួបជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះដោយស្នើឱ្យពួកគេរក្សាភាគហ៊ុនរបស់ខ្លួននៅក្នុងគម្រោងនៅរុស្ស៊ី។ រដ្ឋាភិបាលជប៉ុនកាន់កាប់ភាគហ៊ុន ៥០ភាគរយនៅក្នុងក្រុមហ៊ុន SODECO។ ភាគហ៊ុននៅសល់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនឯកជន រួមទាំងក្រុមហ៊ុនពាណិជ្ជកម្ម Itochu និងក្រុមហ៊ុន Marubeni និងក្រុមហ៊ុនថាមពល Inpex និងក្រុមហ៊ុន Japan Petroleum Exploration ។

ក្រុមហ៊ុនថាមពលលោកខាងលិចធំៗជាច្រើនបានដកខ្លួនចេញពីគម្រោងក្នុងប្រទេសរុស្ស៊ី ដោយសារសង្គ្រាមនៅអ៊ុយក្រែន។ មន្ត្រីជប៉ុនអះអាងថា ប្រេងនិងឧស្ម័នពីតំបន់ Sakhalin មានសារៈសំខាន់សម្រាប់សន្តិសុខថាមពលរបស់ប្រទេសជប៉ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP៕