(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជា។ ក្នុងនោះមានការវិនិយោគជាច្រើនពីក្រុមហ៊ុនជប៉ុននៅកម្ពុជា ជាក់ស្តែងក្រុមហ៊ុនតូយ៉ូតាជប៉ុន ដែលនឹងគ្រោងនឹងបើកប្រតិបត្តិការរោងចក្រតម្លើងយានយន្ត (Toyota Vehicle Assembly) នៅកម្ពុជាឆាប់ៗខាងមុខនេះ និងផ្សារ AEON Malls ជាដើម។

ក្នុងកិច្ចពិភាក្សាការងាររបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាមួយលោក Masahiro MIKAMI ឯកអគ្ដរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា «សូមការស្វាគមន៍ ចំពោះរាល់គម្រោងវិនិយោគនានា ក្នុងវិស័យឯកជន ជាពិសេស គម្រោងបង្កើតរោងចក្រតម្លើងយានយន្តរបស់ក្រុមហ៊ុនតូយ៉ូតា (Toyota Vehicle Assembly) នៅកម្ពុជា ដែលនេះជាការលើកស្ទើយ ដល់វិស័យវិនិយោគឯកជន និងក៏ជាការផ្តល់នូវទំនុកចិត្តដ៏សំខាន់ទៅដល់វិនិយោគិន មកពីប្រទេសជប៉ុន និងប្រទេសដទៃហើយក៏ជាការនាំមកនូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជប៉ុន មកកាន់កម្ពុជា»។

រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះផែនការគម្រោងវិនិយោគ និងលើកទឹកចិត្តដល់បណ្តាវិនិយោគិនជប៉ុន និងខិតខំបន្តជំរុញបន្ថែម ទៅកាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីអាចផ្តល់ឱកាស និងជំរុញបរិយាកាសអំណោយផលវិនិយោគ សម្រាប់វិនិយោគិនជប៉ុនបន្ថែមទៀត។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក Masahiro MIKAMI និងក្រុមការងារ ដែលតែងតែផ្តល់កិច្ចសហការស្ទើរគ្រប់វិស័យ ក្នុងការចូលរួមចំណែក ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅកម្ពុជា និងបានឆ្លៀតឱកាសថ្លែងអំណរគុណ ចំពោះវត្តមានលោក Masahiro MIKAMI ដែលបានអញ្ជើញចូលរួម ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ក្របខណ្ឌគោលនយោបាយជាតិ ផលិតភាពសេដ្ឋកិច្ចកម្ពុជា២០២២-២០៣៥»។

លោក Masahiro MIKAMI បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបាននូវសមិទ្ធិផលថ្មីមួយទៀត គឺការដាក់អនុវត្តជាផ្លូវការ «ក្របខណ្ឌគោលនយោបាយជាតិ ផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥»។

ក្នុងអាណិត្តបំពេញភារកិច្ចការទូតនៅកម្ពុជា ឯកអគ្គរាជទូតបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ជាពិសេសជំរុញការអភិវឌ្ឍវិស័យឯកជននានានៅកម្ពុជា និងសូមថ្លែងអំណរគុណ ចំពោះអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសកម្ពុជា-ជប៉ុន នាពេលកន្លងមក។

ក្នុងនោះផងដែរឯកអគ្គរាជទូតជប៉ុន ស្នើសុំនូវកិច្ចអន្តរាគមន៍ និងការជួយគាំទ្របន្ថែមទៀតលើគម្រោង វិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក្នុងទិសដៅទាក់ទាញការវិនិយោគពីវិស័យឯកជន និងវិនិយោគិនជប៉ុនចូលមកកម្ពុជាបន្ថែមទៀត៕