(ភ្នំពេញ)៖ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ​នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល ទទួលបានចំណូលសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ពីអាជីវកម្មខ្សាច់ បានជាង១៣លានដុល្លារ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក អ៊ឹង ឌីប៉ូឡា អញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការស្នើសុំ ការបន្ត និងការផ្ទេរសិទ្ធិ អាជ្ញាបណ្ណ អណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម សម្រាប់អាជីវកម្មរ៉ែខ្សាច់សំណង់ ដីល្បាយខ្សាច់ និងក្រួសពីប្រភពទន្លេ ស្ទឹង ព្រែក បឹង អូរ និងសមុទ្រ នៅទីស្ដីក្រសួងរ៉ែ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។​

លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់យ៉ាងដូច្នេះថា «ជំរុញការកៀរគរ ការប្រមូលចំណូលពីអាជីវកម្មខ្សាច់ ឲ្យទទួលបានលទ្ធផលល្អ ដែលក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ យើងទទួលបានចំណូលពីសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ចំនួន១៣,៤២២,៣៧៦ដុល្លារ ក្នុងនោះខ្សាច់នាំចេញទៅក្រៅប្រទេស ចំនួន៤,១៧៧,៩៥១ដុល្លារ»

ជាមួយគ្នានេះ លោក អ៊ឹង ឌីប៉ូឡា ជំរុញឲ្យប្រធានមន្ទីរពាក់ព័ន្ធ ក្រោយពីទទួលបានការយល់ដឹងអំពីនីតិវិធីថ្មី សូមធ្វើការផ្សព្វផ្សាយ ជូនដល់ក្រុមហ៊ុន/សហគ្រាស ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ឲ្យយល់អំពីការងារពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់។

លោក អ៊ឹង ឌីប៉ូឡា បានឲ្យដឹងថា នាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់ បានខិតខំពង្រឹងការគ្រប់គ្រង ការធ្វើអាជីវកម្មឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាធរមាន និងស្របតាមគោលការណ៍ ដែលធ្លាប់បានអនុវត្តកន្លងមក ព្រមទាំងស្របតាមគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំក្រសួង៕