(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានប្រាប់ដល់លោក Stefan MESSERER ឯកអគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា ពីសេដ្ឋកិច្ចរបស់កម្ពុជាដែលរំពឹងថានឹងបន្ដកើនឡើងខ្ពស់ ក្នុងរង្វង់៥ភាគរយនៅឆ្នាំនេះ និង៦ភាគរយ នៅឆ្នាំ២០២៣ ខណៈអតិផរណាថយចុះមកត្រឹម៤.៤ភាគរយប៉ុណ្ណោះ។

ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសក្នុងជំនួបសវនាការជាមួយលោក Stefan MESSERER នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ជា ចាន់តូ បានថ្លែងថា «ស្ថានភាពសេដ្ឋកិច្ចកម្ពុជារំពឹងថា អត្រាកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ក្នុងរង្វង់៥ភាគរយ នៅឆ្នាំ២០២២ និង៦ភាគរយនៅឆ្នាំ២០២៣។ ការបន្តងើបឡើងនេះ ត្រូវបានគាំទ្រដោយប្រសិទ្ធភាព នៃការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩ និងការអនុវត្តគោលនយោបាយគាំទ្រ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល»

លោកទេសាភិបាលបានបញ្ជាក់ថា «ចំពោះអត្រាអតិផរណាបានថយចុះជាលំដាប់មកនៅត្រឹម ប្រមាណ ៤.៤ភាគរយ ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បើទោះបីតម្លៃប្រាក់ដុល្លារអាមេរិកមាននិន្នាការកើនឡើង ក្រោមឥទ្ធិពលនៃការបង្កើនអត្រាការប្រាក់គោល នៅសហរដ្ឋអាមេរិក។ ដោយឡែកប្រព័ន្ធធនាគារកម្ពុជា បន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្ម ក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិ និងគាំទ្រកំណើន»

លោកទេសាភិបាល បានថ្លែងអំណរគុណដល់ភាគីអាល្លឺម៉ង់ ដែលបានរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការវិនិយោគជាភាគទុនិក នៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន នៅកម្ពុជាផងដែរ។

លោក Stefan MESSERER បានថ្លែងថា កម្ពុជានឹងសម្រេចបានកំណើនដូចមុនវិបត្តិកូវីដ១៩ ក្នុងរយៈពេលខ្លីខាងមុខនេះ តាមរយៈការសម្រេចបានកំណើនដូចមុនវិបត្តិកូវីដ១៩របស់កម្ពុជា នឹងធ្វើឲ្យកម្ពុជាបានត្រៀមខ្លួន រួមចំណែកទាក់ទាញការវិនិយោគ ទេសចរណ៍ និងពង្រឹងទំនាក់ទំនងវិស័យសេដ្ឋកិច្ច នៃប្រទេសទាំងពីរកម្ពុជា ,អាលឺម៉ង៉ឱ្យមានការកើនឡើងថែមជាលំដាប់ផងដែរ។

លោកបានលើឡើងថា ក្នុងរយៈនៃការបំពេញបេសកម្មការទូតនៅកម្ពុជា ខ្លួននឹងពង្រឹង និងរឹតចំណងមិត្តភាព ព្រមទាំងសហប្រតិបត្តិការរវាងធនាគារកណ្តាល នៃប្រទេសទាំងពីរ ឲ្យកាន់តែល្អដើម្បីជាប្រយោជន៍ប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងបានល្អ ស្ថានភាពកូវីដ១៩ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យសេដ្ឋកិច្ចមានការងើបឡើងយ៉ាងឆាប់រហ័ស ពិសេសការគ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់ ជាមួយនឹងកម្រិតខ្ពស់ទុនបម្រុងអន្តរជាតិ ខណៈដែលប្រទេសនានា នៅប្រឈមនឹងបញ្ហាអតិផរណា ការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុនិងទុនបម្រុងអន្តរជាតិនោះនៅឡើយ៕