(ភ្នំពេញ)៖ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងថា ការទិញដូរមូលបត្រនៅកម្ពុជា បានរងផលប៉ះពាល់ខ្លះៗ ពីការកើនឡើងនៃអត្រាការប្រាក់​ ធ្វើឱ្យមានភាពបន្ទុចបង្អាក់ដល់ការជួញដូរមូលបត្រឯកជន នៅលើទីផ្សារ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CSX បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រៅពីមូលបត្ររដ្ឋ ការកើនឡើងនៃអត្រាប្រាក់ នៅលើពិភពជាបន្តបន្ទាប់ ក៏បានផ្តល់នូវសម្ពាធ​ ដល់ការជួញដូរមូលបត្រឯកជននៅកម្ពុជាផងដែរ ដែលក្នុង​ស្ថានភាព​នេះក្រុមហ៊ុន ដែលគ្រោងបោះផ្សាយមូលបត្របំណុល ត្រូវរៀបចំយន្តការមួយ ដើម្បីធ្វើយ៉ាងណាឲ្យការបោះផ្សាយមូលបត្រ បានដោយជោគជ័យ។

​លោកបន្ថែមថា ​ទោះជាយ៉ាងណាក៏ដោយបញ្ហានេះ មិនបានបន្ទុចបង្អាក់ទាំងស្រុង​នោះទេ ដែលលោករំពឹងថា នៅឆ្នាំ២០២៣ នឹងមានក្រុមហ៊ុនមកចុះបញ្ជីបោះផ្សាយមូលបត្រ ជាបន្តបន្ទាប់ទៀត។

លោកបន្តថា «ពិតមែនតែទទួលស្គាល់ថា មានការបន្ទុចបង្អាក់ខ្លះ ដោយសារតែអត្រាកំណើននៃការប្រាក់នៅទាំងពិភពលោក ប៉ុន្តែក្រុមហ៊ុនក៏មិនអាចរង់ចាំដល់អត្រាការប្រាក់ធ្លាក់ចុះមកវិញដែរ អីចឹងអត្រាការប្រាក់នេះ អាចត្រូវការពេលច្រើនឆ្នាំដែរ ទម្រាំវាធ្លាក់ចុះវិញ នេះគឺជារបត់មួយដែលម្ចាស់អាជីវកម្ម ជាអ្នកដែលត្រូវការលុយ ត្រូវរៀនរស់ជាមួយវា»។

លោក ហុង សុហួរ ​ធ្លាប់បានលើកឡើងកាលពីពេលកន្លង ដោយបានបង្ហាញសុទិដ្ឋិនិយមថា ការជួញដូរមូលបត្រ នៅក្នុងផ្សារមូលបត្រកម្ពុជា នឹងកើនឡើងដល់១លានដុល្លារក្នុងមួយថ្ងៃ នៅឆ្នាំក្រោយ បន្ទាប់ពីការជួញដូរបានបង្ហាញកំណើនល្អប្រសើរ​ ក្នុងរយៈពេល២ឆ្នាំនេះ​​ ខណៈក្នុងឆ្នាំ២០២២ ទំហំជួញដូរ បានកើនឡើងប្រមាណ ៦០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។

លោក​បានឱ្យដឹងថា បើគិតពីដើមឆ្នាំ២០២២ មក​ផ្សារមូលបត្រកម្ពុជា ​មានគណនីជួញដូរជាង ៣៣ពាន់គណនីហើយ ​និងទំហំជួញដូរវិញ ​មានប្រមាណ ៦០ម៉ឺនដុល្លារក្នុងមួយថ្ងៃ កើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២១ ដែលមានទំហំប្រមាណ ២៨ម៉ឺនដុល្លារក្នុងមួយថ្ងៃ។

គួរជម្រាបថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ១៧។ ក្រុមហ៊ុនចំនួន៨ បានចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុល ខណៈ៩ក្រុមហ៊ុនទៀតបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ក្នុងនោះដែរ ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទើបតែបានចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ CSX រំពឹងថា នៅត្រឹមដំណាច់ឆ្នាំ២០២២ នឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មី មួយបន្ថែមទៀត​៕