(បាងកក)៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៧,៣៥លាននាក់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែតុលា ខណៈដែលវិស័យសំខាន់មួយនេះបានកើនឡើងបន្ទាប់ពីមានការបន្ធូរបន្ថយការរឹតបន្តឹងលើជំងឺកូវីដ-១៩។ នេះ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយអាជ្ញាធរ TAT នៅចុងសប្តាហ៍មុនថា ទីផ្សារប្រភពភ្ញៀវទេសចរធំទាំង៥ គឺប្រទេសម៉ាឡេស៊ីដែលមានភ្ញៀវទេសចរចំនួន ១,២៥លាននាក់ ឥណ្ឌាមាន ៦៦១ ៧៥១នាក់ ឡាវមាន ៥៣៨ ៧៨៩ កម្ពុជាមាន ៣៧៣ ៨១១នាក់ និងសិង្ហបុរីមាន ៣៦៥ ៥៩៣នាក់។
ការស្ទុះឡើងវិញនៃវិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយក្រសួងហិរញ្ញវត្ថុថៃកាលពីថ្ងៃសុក្របានព្យាករថានឹងមានការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ១០,៣លាននាក់នៅឆ្នាំនេះ និង ២១,៥លាននាក់នៅឆ្នាំ២០២៣។
ចំនួននេះបើធៀបនឹងភ្ញៀវទេសចរបរទេសត្រឹមតែ ៤២៨ ០០០នាក់ប៉ុណ្ណោះកាលពីឆ្នាំមុន និងជិត ៤០លាននាក់នៅមុនការរាតត្បាតឆ្នាំ២០១៩ នៅពេលដែលទេសចរណ៍មានចំណែកចំនួន ១២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ។
រដ្ឋាភិបាលថៃបានឱ្យដឹងកន្លងមកថា ខ្លួនមានបំណងបង្កើតចំណូលពីទេសចរណ៍ចំនួន ៤០០ ពាន់លានបាត (១០,៦ពាន់លានដុល្លារ) ក្នុងឆមាសទីពីរឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕