(សិង្ហបុរី)៖ អាកាសយានដ្ឋានអន្តរជាតិ Changi Airport របស់ប្រទេសសិង្ហបុរីទទួលបានអ្នកដំណើរចំនួន ១០លាននាក់ក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ដែលកើនដល់ ៥៨,១ ភាគរយនៃចរាចរណ៍មុនពេលមានវិបត្តិកូវីដ-១៩។ នេះបើយោងកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុន Changi Airport Group (CAG) កាលពីចុងសប្តាហ៍មុនថា ចរាចរណ៍អ្នកដំណើរសម្រាប់ទីផ្សារដ៏ធំបំផុតរបស់ខ្លួនពោលគឺអាស៊ីអាគ្នេយ៍ បានកើនឡើងលើសពី ៦០ភាគរយនៃកម្រិតមុនការរាតត្បាតជំងឺជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមកើតមានជំងឺកូវីត-១៩។

អាកាសយានដ្ឋាននេះក៏ទទួលបានចរាចរណ៍យន្តហោះចំនួន ៦១ ១០០ជើង ឬ ៦៣,៧ ភាគរយនៃកម្រិតមុនការរាតត្បាតក្នុងកំឡុងត្រីមាសទី៣នេះផងដែរ។ ចំនួននេះរួមបញ្ចូលទាំងការហោះឡើង និងការចុះចតនៅអាកាសយានដ្ឋាននេះ។

អាកាសយានដ្ឋាន Changi ទទួលបានអ្នកដំណើរចំនួន ៣,៤២លាននាក់ក្នុងខែកញ្ញា ដែលស្មើនឹង ៦២,៦ភាគរយនៃចរាចរណ៍មុនពេលមានវិបត្តិកូវីដធៀបនឹងខែកញ្ញាឆ្នាំ២០១៩។

អាកាសយានដ្ឋាននេះក៏មើលឃើញមានចរាចរណ៍យន្តហោះចំនួន ២០ ៤០០ជើងផងដែរនៅក្នុងខែកញ្ញានេះ។ ក្រុមហ៊ុន CAG បានឱ្យដឹងទៀតថា ចំនួននេះស្មើនឹង ៦៥,៦ ភាគរយនៃកម្រិតនៅក្នុងខែកញ្ញា ឆ្នាំ២០១៩។

យោងតាមកាសែត CNA ប្រទេសអូស្ត្រាលី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា និងថៃ គឺជាទីផ្សារចរាចរណ៍ធំជាងគេសម្រាប់ត្រីមាសទី៣ ឆ្នាំនេះ។

ក្រុមហ៊ុន CAG បានបន្ថែមថា ចរាចរណ៍អ្នកដំណើរទៅនិងមកពីអាមេរិកខាងជើង «បានបន្តនិន្នាការលើកម្រិតមុនការរាតត្បាតជំងឺ ដែលជំរុញដោយតម្រូវការខ្លាំង និងការកើនឡើងប្រេកង់ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី និងក្រុមហ៊ុន United Airlines»

លោក Lim Ching Kiat នាយកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍មជ្ឈមណ្ឌលអាកាសរបស់ក្រុមហ៊ុន CAG បានថ្លែងថា លោករំពឹងថា អាកាសយានដ្ឋាន Changi នឹងទទួលបាន ៨០ភាគរយនៃជើងហោះហើរមុនវិបត្តិកូវីដនៅដំណាច់ឆ្នាំនេះ ដោយសារព្រំដែនកាន់តែច្រើនបើកចំហរឡើងវិញ និងការស្តារការធ្វើដំណើរកើនឡើង។ នេះបើយោងតាមកាសែត CNA៕