(ក្រុងប៉េកាំង)៖ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានបន្តធ្លាក់ចុះក្នុងខែតុលា ដោយទិន្នន័យឯកជនបង្ហាញពីការធ្លាក់ចុះតម្លៃផ្ទះ និងការលក់ ដែលបង្ហាញពីស្ថានភាពមិនល្អ និងចក្ខុវិស័យមិនច្បាស់លាស់ក្នុងគ្រាដែលវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលធ្លាប់ជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ច បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយសារវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់មិនឱ្យមានការខ្ចីប្រាក់ច្រើនហួសហេតុពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ និងការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ការស្ទង់មតិកាលពីថ្ងៃអង្គារដែលធ្វើឡើងដោយក្រុមហ៊ុន China Index Academy (CIA) ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំជាងគេនៅប្រទេសចិនថា តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងចំនួន១០០ បានធ្លាក់ចុះក្នុងរយៈពេល ៤ខែជាប់គ្នាគិតត្រឹមខែតុលា ដោយបានធ្លាក់ចុះ ០,០១ភាគរយនៅខែតុលាធៀបនឹងខែកញ្ញា បន្ទាប់ពីការធ្លាក់ចុះ ០,០២ភាគរយនៅក្នុងខែកញ្ញា។

យោងតាមសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀតរបស់ក្រុមហ៊ុន CIA ការលក់អចលនទ្រព្យតាមតំបន់ក្នុងទីក្រុងចំនួន១០០ បានធ្លាក់ចុះប្រហែល ២០ភាគរយក្នុងខែតុលាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Chen Wenjing អ្នកវិភាគប្រចាំក្រុមហ៊ុនស្រាវជ្រាវនេះបានប្រាប់រ៉យទ័រថា ការស្ទុះងើបឡើងវិញនៃវិស័យអចលនទ្រព្យគឺអាស្រ័យលើវិធានការទប់ស្កាត់កូវីដ និងកម្លាំងនៃគោលនយោបាយដែលដាក់ដោយរដ្ឋាភិបាលចិន។

លោក Chen បានបន្ថែមថា ការស្ទុះងើបឡើងវិញណាមួយនៅក្នុងទីផ្សារអចលនទ្រព្យត្រូវបានគេរំពឹងថានឹងត្រូវពន្យារពេល ប្រសិនបើប្រទេសចិនប្រកាន់ខ្ជាប់ទៅនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង។ ការទប់ស្កាត់បែបនេះត្រូវបានរំពឹងថានឹងនៅបន្តជាធរមានមួយរយៈទៀតបន្ទាប់ពីសមាជបក្សកុម្មុយនិស្តក្នុងខែនេះ។

កាលពីខែមុន តម្លៃផ្ទះថ្មីនៅទីក្រុងសៀងហៃ និងទីក្រុងហ្សិនចិន បានធ្លាក់ចុះ ០,០៥ភាគរយ និង ០,៣២ភាគរយរៀងគ្នានៅខែតុលាធៀបនឹងខែកញ្ញា។ ការលក់ផ្ទះតាមតំបន់ក្នុងទីក្រុងសៀងហៃ និងទីក្រុងក្វាងចូវបានធ្លាក់ចុះ ៣៥ភាគរយ និង ២៦ភាគរយរៀងគ្នានៅខែតុលាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕