(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរ ចំនួន២០០ លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ដែលជាទំហំទឹកប្រាក់ថ្មីបន្ថែមពីលើ​មូលបត្រ ៣០០លានដុល្លារ ​នៅឆ្នាំ២០២២នេះ ដើម្បីកៀរគរទុនពីសាធារណជន។

យោងតាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ បានឱ្យដឹងថា ការបោះផ្សាយមូលបត្ររដ្ឋ ចំនួន២០០លានដុល្លារបន្ថែមនេះ គឺសម្រាប់សងប្រាក់ដើមនៃការបោះផ្សាយមូលបត្រឆ្នាំ ២០២២ ចំនួន២០០ ពាន់លានរៀល​ដែលស្មើនឹងប្រមាណ ៤៩លានដុល្លារអាមរិក និង ការគ្រោងថវិកាចំនួនប្រមាណ ១៥១លានដុល្លារអាមរិកទៀត សម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និង ចិរភាពនៃការគ្រប់គ្រងបំណុល និងថវិកាជាតិ ។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សម្រាប់មូលបត្រទំហំ២០០លានដុល្លារ គ្រោងបោះផ្សាយនៅឆ្នាំ២០២៣ខាងមុខ អាចនឹងចាប់ផ្តើមបោះផ្សាយនៅដើមឆ្នាំ២០២៣តែម្តង ដែលផែនការលម្អិតនៃការបោះផ្សាយ នឹងត្រូវផ្សាព្វផ្សាយនាពេលខាងមុខ។

លោកគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «អនុលោមតាមក្របខណ្ឌគោលនយោបាយបឋម ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ការបោះផ្សាយ នឹងត្រូវអនុវត្តជាជំហានៗ ដែលក្នុងជំហានដំបូង រាជរដ្ឋាភិបាលផ្តោតតែលើទីផ្សារដំបូង( Primary Market) ដោយមានតែវិនិយោគិនស្ថាប័នសក្តានុពលប៉ុណ្ណោះ ដែលអាចចូលរួមវិនិយោគលើមូលបត្ររដ្ឋបាន មានដូចជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនធានារ៉ាប់រង និងបេឡាជាតិសន្តិសុខសង្គម។ ​ វិនិយោគិនផ្សេងរួមទាំងសាធារណជន នឹងអាចចូលរួមវិនិយោគលើមូលបត្ររដ្ឋបានក្នុងទីផ្សារបន្ទាប់ ( Secondary Maket) ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងជំរុញរៀបចំកិច្ចការនេះឱ្យបានឆាប់»

លោកបន្តថា ចំណែកមូលបត្ររដ្ឋទំហំ ៣០០លានដុល្លារ ដែលបោះផ្សាយនៅក្នុងឆ្នាំ២០២២នេះ គិតមកដល់ពេលនេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ចែងបោះផ្សាយលក់ចំនួន២លើករួចមកហើយ តាមរយៈការដេញថ្លៃនៅលើ NBC Platform ដែលការដេញថ្លៃទាំង២លើកនេះ មានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១០ចូលរួម។

យោងតាមសេចក្តីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា ​ការបោះផ្សាយមូលបត្ររដ្ឋលើកទី១ មានទំហំទឹកប្រាក់ប្រមាណ២៥លានដុល្លារ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញាកន្លងមកនេះ ​​​​មានគ្រឹះស្ថានចូលរួមចំនួន ៨ បានចូលរួម​ដេញថ្លៃ​ ជាមួយបរិមាណ​សរុប ៤១ ៨០០ ឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះ ២,២ ភាគរយ។ ចំណែក​ការបោះផ្សាយលក់មូលបត្ររដ្ឋ លើកទី ២ ​ក្នុងទំហំប្រមាណ ២០០ពាន់លានរៀល ឬស្មើនឹង ៥០លានដុល្លារអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញានេះ មាន គ្រឹះស្ថានចូលរួម​​ ៦ស្ថាប័ន​ ប៉ុន្តែពុំមានគ្រឹះស្ថានណាមួយ ដេញថ្លៃបានជោគជ័យនោះឡើយ។

​លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការដេញថ្លៃមូលបត្ររដ្ឋនាពេលកន្លងមក ដែលធ្វើឡើងតាមរយៈយន្តការរបស់ធនាគារជាតិ ​ទទួលបានការចូលរួមដេញថ្លៃតិចតួចពីអ្នកវិនិយោគ​ ដោយសារតែបណ្តាលមកពីឥទ្ធិពលនៃការដំឡើងអត្រាការប្រាក់​នៅទូទាំងពិភពលោក។ ការដំឡើងអត្រាការប្រាក់នៅទូទាំងពិភពលោក មិនត្រឹមតែបង្កជាឧបសគ្គ សម្រាប់ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋប៉ុណ្ណោះទេ សូម្បីតែការបោះផ្សាយមូលបត្រឯកជន ក៏រងផលប៉ះពាល់ផងដែរ។

លោកបានពន្យល់យ៉ាងដូច្នេះថា «សង្កេតឃើញថា តាំងដើមឆ្នាំមកអត្រាការប្រាក់ នៅទូទាំងពិភពលោកគឺមានការកើនឡើងជាគំហុក អ៊ីចឹងរដ្ឋាភិបាល ឬក៏ធនាគារកណ្តាលនៅក្នុងប្រទេសរីកចម្រើនសឹងតែទាំងអស់ ដោយចាប់ផ្តើមពីអាមេរិក និងអឺរ៉ុប គេបានដំឡើង អត្រាការប្រាក់ច្រើនដងហើយ តាំងពីដើមឆ្នាំ២០២២មក អ៊ីចឹងយើងសង្កេតឃើញថា អត្រាការប្រាក់ដែលរដ្ឋាភិបាលទូទាំងពិភពលោកហ្នឹងត្រូវប្រើ ដើម្បីខ្ចីលុយពីសាធារណជន គឺមានការកើនឡើងគ្រប់ទីកន្លែង ហើយ វាក៏ប៉ះពាល់ផងដែរ ដល់ការបោះផ្សាយមូលបត្រឯកជន ឥលូវសូម្បីតែមូលបត្រឯកជន ក៏ត្រូវផ្តល់អត្រាការប្រាក់ខ្ពស់ជាងមុនដែរ ដើម្បីអាចទាក់ទាញវិនិយោគិនបាន»

​លោកបានឱ្យដឹងផងដែរថា ​នាពេលខាងមុខ ក្រសួងសេដ្ឋកិច្ចអាចជ្រើសរើសយន្តការទាំងពីរ គឺទិញលក់តាមយន្តការធនាគារជាតិ និងយន្តការទីផ្សារមូលបត្រ ព្រោះស្ថាប័នទាំងសុទ្ធតែមានភាពខ្លាំង និងបទពិសោធល្អរៀងខ្លួន ដែលក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុអាចប្រើប្រាស់បណ្តាញទាំងពីរ កៀរគរទុនបានទៅតាមគម្រោងរបស់ខ្លួន។

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងវិវិនិយោគ បានថ្លែងថា មូលបត្ររបស់រដ្ឋជាប្រភេទមូលបត្រដែលមានហានិភ័យទាបជាងគេ បើធៀបជាមួយនឹងការវិនិយោគលើមូលបត្រដ៏ទៃទៀត។ តែយ៉ាងក្តី ​ដោយសារស្ថានភាពមិនសូវអំណោយផល ទើបធ្វើឱ្យមូលបត្ររដ្ឋនេះ មិនសូវមានការចាប់អារម្មណ៍ ព្រោះការកើនឡើងនៃការដាក់ប្រាក់បញ្ញើនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មិនទិញបត្របំណុលរបស់រដ្ឋ។​​

លោកបន្តថា រាជរដ្ឋាភិបាល អាចនឹងត្រូវរិះរកវិធី កែសម្រួល ឬក៏ដំឡើងអត្រាការប្រាក់ដែលផ្តល់ទៅអ្នកវិនិយោគ ដើម្បីទាក់ទាញឱ្យទិញបណ្ណបំណុលនេះ៕