(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បាននិយាយនៅដើមសប្តាហ៍នេះថា លោកគ្រោងផាកពិន័យជាពន្ធទៅលើក្រុមហ៊ុនប្រេង លុះត្រាតែក្រុមហ៊ុនទាំងនោះវិនិយោគប្រាក់ចំណេញដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេទៅលើការជួយកាត់បន្ថយថ្លៃដើមអ្នកប្រើប្រាស់ និងជំរុញផលិតកម្មថាមពល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ការអត្ថាធិប្បាយរបស់លោក បៃឌិន បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិកគឺក្រុមហ៊ុន ExxonMobil និងក្រុមហ៊ុន Chevron បានរាយការណ៍ពីកំណើនប្រាក់ចំណេញខ្ពស់ ដោយសារការកើនឡើងតម្លៃប្រេងឆៅបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានជំរុញឧស្សាហកម្មនេះ។

តម្លៃឧស្ម័នធម្មជាតិក៏បានកើនឡើងផងដែរ ដោយសារការប្រើប្រាស់ច្រើនរបស់អឺរ៉ុបដើម្បីប៉ះប៉ូវដល់ការបាត់បង់ការនាំចូលពីប្រទេសរុស្ស៊ី។

ដោយសំដៅលើប្រាក់ចំណេញច្រើនរបស់ក្រុមហ៊ុនអាជីវកម្មថាមពល លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «ប្រាក់ចំណេញរបស់ពួកគេគឺជាផលចំណេញពីសង្រ្គាម»

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក បៃឌិន ខណៈថ្លែងថា ក្រុមហ៊ុនមាន «ទំនួលខុសត្រូវក្នុងការធ្វើសកម្មភាព» លើសពីផលប្រយោជន៍ផ្ទាល់ខ្លួនដ៏តូចចង្អៀតរបស់ម្ចាស់ភាគហ៊ុនដែលជាមន្ត្រីប្រតិបត្តិ និងដើម្បីជួយអ្នកប្រើប្រាស់តាមរយៈការបង្កើនផលិតកម្ម និងសមត្ថភាពចម្រាញ់របស់ពួកគេ។

លោកបានបន្ថែមថា ប្រសិនបើក្រុមហ៊ុនទាំងនេះមិនធ្វើសកម្មភាពដើម្បីបញ្ចុះតម្លៃទេ «ពួកគេនឹងបង់ពន្ធខ្ពស់លើប្រាក់ចំណេញដ៏ច្រើនរបស់ពួកគេ ហើយប្រឈមមុខនឹងការរឹតបន្តឹងផ្សេងទៀត»។ លោកប្រធានាធិបតីបន្ថែមថា មន្រ្តីនឹងធ្វើការជាមួយសភាដើម្បីពិនិត្យមើលបញ្ហានេះ៕