(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានធ្វើការកត់សម្គាល់នូវកំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេស RCEP (Regional Comprehensive Economic Partnership) មានការកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីកម្ពុជាបានអនុវត្ដកិច្ចព្រមព្រៀងនេះ បានជិត១ឆ្នាំកន្លងមក។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោយពិធីបើកវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល១ឆ្នាំ ក្រោយពីចូលជាធរមាន ក្នុងកិច្ចព្រមព្រៀង អាសិប ក្រសួងពាណិជ្ជកម្ម កត់សម្គាល់ឃើញថា ការកើនឡើងមានជាលំដាប់ ទៅលើពាណិជ្ជកម្មទំនិញ»

លោក ប៉ែន សុវិជាតិ បានពន្យល់ថា មូលហេតុធំមួយ ដែលធ្វើឲ្យពាណិជ្ជកម្មទំនិញ មានការកើនឡើងនោះ ដោយសារប្រទេសកម្ពុជា ជាប្រភពនៃខ្សែច្រវាក់ផ្គត់ផ្គង់មួយ ដែលកម្ពុជាបាននាំចេញសម្លៀកបំពាក់, ស្បែកជើង, គ្រឿងបន្លាស់, គ្រឿងបង្គុំ, កាបូបធ្វើដំណើរ និងផលិតផលកសិកម្មមួយចំនួន។

លោក ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា កម្ពុជាជាចំណែកមួយនៃប្រភពផ្គត់ផ្គង់ ហើយកម្ពុជាបានអនុវត្តខ្ជាប់ខ្ជួន ទៅលើវិធានប្រភពដើមទំនិញ ដែលអនុវត្តវិធានប្រភពដើមទំនិញ សម្រាប់ទីផ្សារអឺរ៉ុប, អាមេរិក និងវិធានប្រភពដើមទំនិញរួម សម្រាប់ទីផ្សាររវាងអាស៊ាន និងអាស៊ាន។

លោកបានលើកឡើងថា នៅពេលដែល RCEP ចូលជាធរមានវិធានប្រភពដើមទំនិញនេះ បានសម្រួលនូវការប្រតិបត្ដិ ហើយនឹងជំរុញផលិតកម្មឲ្យកើនឡើង និងអនុវត្តនូវវិធានប្រភពដើម ដែលមានលក្ខណៈរួមគ្នា ដែលមានន័យថា អាចនាំវត្ថុធាតុដើម ពីប្រទេសនៅក្នុងតំបន់ RCEP ផលិតហើយចាត់ទុកថា ទំនិញនោះផលិតនៅកម្ពុជា ហើយនាំចេញទៅទីផ្សារ RCEP វិញ។

បន្ថែមពីនោះទៀត លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ទីផ្សារ RCEP មានទីផ្សារធំ៣ ដែលសំខាន់ ដែលគួរឲ្យកត់សម្គាល់ ទី១៖ ទីផ្សារចិន, ទី២​៖ ទីផ្សារជប៉ុន និងកូរ៉េ, ទី៣៖ ទីផ្សារអូស្ត្រាលី និងញូវហ្សឺឡែន។

លោកបានបញ្ជាក់ថា ពីដំបូងឡើយ RCEP ជាទម្រង់មួយនៃក្របខណ្ឌកិច្ចព្រមព្រៀង ដែលបង្ហាញនូវសមាហរណកម្មរវាងអាស៊ានខ្លួនឯង ដើម្បីគាំទ្រនូវគោលគំនិតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានការអនុវត្ដសេដ្ឋកិច្ចរួមគ្នា ការធ្វើវិនិយោគ, ការជួយគ្នាទៅវិញទៅមក ដើម្បីអនុវត្តបាននូវការរីកចម្រើនទាំងអស់គ្នា នៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ីទាំងមូល។ ប៉ុន្តែដំណើរវែងឆ្ងាយនេះ បានបន្ថែមនូវសមាជិកមួយចំនួនទៀត ដូចជាអាស៊ានបូក១, អាស៊ានបូក៣ រហូតដល់អាស៊ានបូក៥ ដែលជាដៃគូសេដ្ឋកិច្ច វាកាន់តែរីកចម្រើន រហូតដល់ពេលដែល RCEP បានចូលជាធរមាន ដែលមានប្រទេសអាស៊ាន១០ និងប្រទេស៥ទៀត ធ្វើឲ្យទីផ្សារនេះកាន់តែរីកចម្រើន។

សូមជម្រាបថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។

ជាមួយគ្នានេះ ក៏បានបន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។

RCEP មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។

បើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងតំបន់ RCEP ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានទឹកប្រាក់ ២៤ ០៦៦លានដុល្លារ កើនឡើង១១ភាគរយ៕