(ភ្នំពេញ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ​ដែលរំពឹងថា នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ ​និងចូលរួមស្ដារ​សេដ្ឋកិច្ចឡើងវិញ ​បន្ទាប់ពីរងគ្រោះដោយតែវិបត្តិកូវីដ-១៩​ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន នាយកមន្រ្តីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ ក្នុងឱកាសខួបអនុស្សាវរីយ៍១០ឆ្នាំ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP = Regional Comprehensive Economic Partnership)» នាថ្ងៃទី២ ខែវិច្ឆិកានេះថា ខណៈដែល​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ​ចូលជាធរមាននៅថ្ងៃទី ខែធ្នូ ឆ្នាំ២០២២ កម្ពុជាក៏កំពុងបន្តពិនិត្យលទ្ធភាព ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ក្រៅពី​ជំរុញការនាំចេញទំនិញរបស់កម្ពុជាបន្ថែម ពីលើកិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងនេះ ក៏នឹងជួយលើកគុណតម្លៃទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិផងដែរ ​ដែលទៅថ្ងៃខាងមុខនឹងផ្តល់នូវភាពងាយស្រួលដល់កម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសទៀត​ ខណៈកម្ពុជា កំពុងអភិវឌ្ឍន៍ខ្លួនជាប្រទេសផលិតទំនិញឧស្សាហកម្ម ដូចជាគ្រឿងបន្លាស់ និងគ្រឿងបង្គុំ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រ នៅលើសាកលលោក។

លោកបន្ថែមថា ​«តាមរយៈកិច្ចព្រមព្រៀង RCEP កូរ៉េបានផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការនាំចេញរបស់កម្ពុជាស្ទើរតែអស់ហើយ ប៉ុន្តែកាលណាកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែច្រើន ជាមួយបណ្តាប្រទេសផ្សេងៗ ជាពិសេសប្រទេស ដែលមានការអភិវឌ្ឍដូចជាកូរ៉េ ចិន ជប៉ុន គឺជាសញ្ញាមួយដែលបង្ហាញភាពវិជ្ជមានដល់​ទំនិញកម្ពុជា។ ទីផ្សារជប៉ុន និងទីផ្សារកូរ៉េ ទទួលស្គាល់នូវទំនិញ ដែលមានលក្ខណៈឆ្លើយតបគ្រប់គ្រាន់ទៅនឹងសេចក្តីត្រូវការរបស់ទីផ្សារ ហេតុនេះបើនាំចេញទៅជប៉ុន និងកូរ៉េបាន ​ឬប្រទេសដែលមានកម្រិតទទួលស្គាល់ខ្ពស់បាន ករណីដូចជាទំនិញសម្លៀកបំពាក់កាត់ដេរ យើងចង់នាំទៅណាទៀតក៏បានដែរ ហើយទន្ទឹមនឹងនេះ យើងកំពុងអភិវឌ្ឍប្រែក្លាយខ្លួនយើង ទៅជាប្រទេសផលិតគ្រឿងបង្គុំ តាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម យើងចង់បង្កើតបណ្តុំឧស្សាហកម្មសម្រាប់ផ្គត់ផ្គង់ នូវគ្រឿងបន្លាស់ និងគ្រឿងបង្គុំឱ្យទៅរោងចក្រធំៗលើសាកលលោក»

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជរវាងកកម្ពុជា និងប្រទេសកូរ៉េខាងត្បូង មានតម្លៃជាង ៦០០លានដុល្លារ កើនឡើង៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េមានតម្លៃ ១៧៥លានដុល្លារ កើនឡើង២១% និងនាំទំនិញពីកូរ៉េមកវិញក្នុងតម្លៃ ៤២៦លានដុល្លារ ថយចុះ៣%។

គួរជម្រាបថា ​ការចរចាកិច្ចព្រមព្រៀង CKFTA នេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េមកកាន់​កម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

កិច្ចព្រមព្រៀង CKFTA ត្រូវបានប្រកាសបើកការចរចាជាផ្លូវការ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងឆ្លងកាត់ការចរចាសរុបចំនួន១២លើក មុននឹងឈានមកដល់ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀងនេះជាផ្លូវការ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ កិច្ចព្រមព្រៀងនេះ ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័ន​ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២ របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមានកាលខែមករា ឆ្នាំ២០២២ ខណៈកម្ពុជាក៏មានកិច្ចព្រមព្រៀង ​RCEP​ ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់​៕