(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទំហំពាណិជ្ជរបស់កម្ពុជា និងតំបន់ RCEP (Regional Comprehensive Economic Partnership) ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានទឹកប្រាក់ ២៤ ០៦៦លានដុល្លារ កើនឡើង១១ភាគរយ។
តាមរបាយការណ៍របស់អង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២បានបញ្ជាក់ថា កម្ពុជានាំចេញទៅកាន់តំបន់ RCEP មានចំនួន ៤,៧០៣លានដុល្លារ កើនឡើង៦% ចំណែក RCEP បាននាំចូលមកកាន់កម្ពុជាមានចំនួន ១៩ ៣៦៣លានដុល្លារ កើនឡើងចំនួន១២%។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែង ការនាំចេញរបស់កម្ពុជា ទៅកាន់តំបន់ RCEP បានកើនឡើងគួរឲ្យកត់សំគាល់ ក្នុងនោះរួមមាន ការកើនឡើងលើពាណិជ្ជកម្មទំនិញ ដោយសារតែប្រទេសកម្ពុជា ជាប្រភពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង គ្រឿងបន្លាស់, គ្រឿងបង្គុំ, ការនាំចេញកាបូបធ្វើដំណើរ ព្រមទាំងផលិតផលកសិកម្មមួយចំនួន។
លោកបានបន្ដថា ដោយសារកម្ពុជាជាចំណែកមួយនៃប្រភពផ្គត់ផ្គង់ និងអនុវត្តន៍ខ្ជាប់ខ្ជួនលើវិធានប្រភពដើមទំនិញ សម្រាប់ទីផ្សារអឺរ៉ុប ទីផ្សារអាមេរិក និងជាទីផ្សារួមរវាងអាស៊ាន និងអាស៊ាន ដូច្នេះនៅពេល RCEP ចូលជាធរមានវិធានប្រភពដើមទំនិញនេះ បានសម្រួលនូវការប្រតិបត្តិ និងជំរុញផលិតកម្មឲ្យកើនឡើង។
លោកបានបញ្ជាក់ថា «RCEP មានទីផ្សារ៣ធំៗរួមមាន៖ ទីផ្សារចិន, ជប៉ុន-កូរ៉េ និងអូស្រ្ដាលី-ញូសាលែន ដូច្នេះបានជាគេឲ្យឈ្មោះកិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងដែលមានទំហំធំ ដូច្នេះហើយនៅពេលកម្ពុជា ក្លាយជាចំណែកមួយនៃកិច្ចព្រមព្រៀងនេះច្បាស់ណាស់ថា កម្ពុជានឹងទទួលបានផលប្រយោជន៍ជាអតិបរិមា ពីពាណិជ្ជកម្មទំនិញនៃទីផ្សារ RCEP នេះ»។
សូមជម្រាបថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា បន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។
RCEP មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕