(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងនាមជាប្រធានវេទិកាទីផ្សារមូលធនអាស៊ាន (ACMF) ឆ្នាំ២០២២ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​និងទទួលបានជំនួយហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលជប៉ុន បានរៀបចំសន្និសីទអន្តរជាតិក្រោមប្រធានបទស្តីពី​ «ដំណើរនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពទីផ្សារមូលធនអាស៊ាន៖ ការលើកកម្ពស់ការងើបឡើងវិញ បរិយាបន្ន និងភាពធន់» ដើម្បីលើកកម្ពស់ការបោះផ្សាយមូលបត្រ និងការវិនិយោគក្នុងទីផ្សារមូលធនអាស៊ាន។

សន្និសីទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បរិយាបន្ន និងការងើបឡើងវិញនៃអាស៊ាន តាមរយៈទីផ្សារមូលធនអាស៊ាន ក៏ដូចជាលើកកម្ពស់ការបោះផ្សាយមូលបត្រ និងការវិនិយោគក្នុងទីផ្សារមូលធនអាស៊ាន។​

ក្នុងឱកាសនោះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្តង់ដាពាក់ព័ន្ធនឹងផលិតផលនិរន្តរភាពក្នុងទីផ្សារមូលធនអាស៊ាន ដូចជាស្តង់ដាសញ្ញាបណ្ណផ្សារភ្ជាប់និរន្តរភាពអាស៊ាន និងស្តង់ដាមូលនិធិទំនួលខុសត្រូវ និងនិរន្តរភាពអាស៊ាន ព្រមជាមួយគ្នានេះក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងឌីជីថលនៃគម្រោងវិនិយោគរួមអាស៊ាន និងឯកសារផ្លូវច្បាប់ Toolkit សញ្ញាបណ្ណគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពជាដើម។

​វេទិកានេះ បានរៀបចំឡើង កាលពីថ្ងៃទី២៨ ខែតុលា ២០២២ ​ក្រោមអធិបតីភាព​​​លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ​អគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុម​ប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ​លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ​និយ័តករមូលបត្រកម្ពុជា និងលោក Winfried F. Wicklein អគ្គនាយករងនៃ ADB ប្រចាំអាស៊ីអាគ្នេយ៍ ព្រមទាំងប្រមុខនៃនិយ័តករមូលបត្រក្នុងតំបន់អាស៊ាន។

​សម្រាប់សមាសភាពចូលរួមមានដូចជា ឯកអគ្គរដ្ឋទូត និងតំណាងដ៏ខ្ពង់ខ្ពស់នៃឯកអគ្គរដ្ឋទូត នៃប្រទេសអាស៊ានបូកបី ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតសហភាពអឺរ៉ុប លេខាធិការដ្ឋានអាស៊ាន ថ្នាក់ដឹកនាំជាន់ខ្ពស់ និងសមាជិក ACMF ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា ធនាគារជាតិនៃកម្ពុជា អគ្គ​លេខាធិការដ្ឋាន អ.ស.ហ. ថ្នាក់ដឹកនាំនៃនិយ័តករ និងអង្គភាពក្រោមឱវាទរបស់ អ.ស.ហ. និយ័តករមូលបត្រ ផ្សារមូលបត្រ និងភាគីពាក់ព័ន្ធក្នុងទីផ្សារមូលធនអាស៊ាន ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនបោះផ្សាយសក្តានុពល ធនាគារពាណិជ្ជ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងភាគីពាក់ព័ន្ធផ្សេងទៀត។

កម្មវិធីនេះ មានការចូលរួមជាវាគ្មិនកិត្តិយសជាមន្ត្រីជាន់ខ្ពស់មកពីនិយ័តករមូលបត្រនៅក្នុងតំបន់អាស៊ាន ADB ស្ថាប័នតាលីករហិរញ្ញវត្ថុបៃតងអាស៊ាន (ACGF) សមាគមទីផ្សារមូលធនអន្តរជាតិ (ICMA) ក្រុមប្រឹក្សាស្តង់ដានិរន្តរភាពអន្តរជាតិ (ISSB) អង្គការផ្តួចផ្តើមស្តង់ដារបាយ​ការណ៍ពិភពលោក (GRI) ក្រុមប្រឹក្សាស្តង់ដាគណនេយ្យអូស្ត្រាលី វិទ្យាស្ថានហិរញ្ញវត្ថុនិរន្តរភាពអាស៊ី (SFIA) ក្រុមស្រាវជ្រាវអន្តរជាតិ MSCI អង្គការហេដ្ឋារចនាសម្ព័ន្ធអាស៊ី អ្នកជំនាញការ ACMF ក្រុមហ៊ុនហ្គោដេនទ្រី ក្រុមហ៊ុន Prudential Hong Kong ក្រុមហ៊ុន Sustainalytics Corporate Solutions, Singapore ក្រុមហ៊ុនច្បាប់អន្តរជាតិ Ashurst ធនាគារ OCBC ម៉ាឡេស៊ី ក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ BNP Paribas និងសាលាពាណិជ្ជសាស្ត្រអន្តរជាតិ IESE ដែលមានវិជ្ជាជីវៈជំនាញ និងបទពិសោធន៍យូរឆ្នាំក្នុងទីផ្សារអាស៊ាន និងទីផ្សារសកលពាក់ព័ន្ធនឹងហិរញ្ញវត្ថុនិរន្តរភាព៕