(ភ្នំពេញ)៖ ត្រឹមរយៈពេល១០ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបាន ២៩៤៥.៩៥លានដុល្លារ ស្មើនឹង១០៤.៤៨ % នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០២២ បានសេចក្តីថា ការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលលើសផែនការចំនួន ៤.៤៨% ស្មើនឹងទឹកប្រាក់ ១២៦.៤១ លានដុល្លារ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានបញ្ជាក់ថា លទ្ធផលនៃការប្រមូលចំណូលពន្ធបានរហូតដល់ ១០៤.៤៨% នៃផែនការប្រចាំឆ្នាំ ត្រឹមតែរយៈពេល១០ខែនេះ ពិតជាមិនអាចកើតមានឡើយ ប្រសិនបើគ្មានការដឹកនាំប្រកបដោយគិតបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងឆ្លងកាត់ការលំបាកពីវិបត្តិ ជាច្រើនរួមមាន វិបត្តិជំងឺកូវីដ១៩​ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សម្ពាធអតិផរណា និងការកើនឡើងថ្លៃ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយផងដែរ។

លោករដ្ឋមន្ត្រីបន្តថា «ភាពជោគជ័យ នៃការប្រមូលពន្ធនេះ ឆ្លុះបញ្ចាំងពីសមិទ្ធផលនៃការកែទម្រង់ស៊ីជម្រៅជាបន្តបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធដារ អនុលោមតាមយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាល ពិសេសការបន្តធ្វើទំនើបកម្ម និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋបាលសារពើពន្ធ ការពង្រឹងធនធានមនុស្ស និងការពង្រឹងអនុលោមភាព ដោយផ្តោតលើការពង្រឹងអភិបាលកិច្ចល្អ»

សូមជម្រាបថា សម្រាប់ឆ្នាំ ២០២៣ ចំណូលពន្ធផ្ទៃក្នុង ដែលត្រូវប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងត្រូវបានកំណត់ ក្នុងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ តម្រូវឲ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឲ្យបាន ៣ ៥៧១.៧០លានដុល្លារកើនឡើង ២៦.៧០% ធៀបនឹងផែនការច្បាប់ថវិកា ឆ្នាំ២០២២។

លោក គង់ វិបុល បញ្ជាក់ថា បើទោះស្ថានភាពសេដ្ឋកិច្ចសកល បានកំពុងជួបវិបត្តិ ដែលស្ថិតភាពមិនច្បាស់លាស់ក្តី ហើយសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ ត្រូវបានព្យាករកើនឡើង៦.៦% ខណៈការលើកលែងពន្ធដល់វិស័យអនុគ្រោះ នៅតែបន្តមានច្រើនក្តី អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មនេះ ឲ្យអស់ពីលទ្ធភាព ដើម្បីគាំទ្រការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបន្តថា ដើម្បីឈានដល់ការអនុវត្តការប្រមូលចំណូលពន្ធ ឲ្យគ្រប់តាមផែនការ អគ្គនាយករដ្ឋានពន្ធដារ នៅតែបន្តធ្វើកំណែទម្រង់ថែមទៀត ដែលកំណែទម្រង់នេះ ធ្វើឲ្យលទ្ធផលចំណូលពន្ធរបស់ពន្ធដារលើសផែនការ បន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន គឺសរុបមកជាង១០ឆ្នាំ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «បើទោះជាការកើនឡើង នៃផែនការប្រមូលចំណូលពន្ធប្រមាណជា ៧៥២.១៦លានដុល្លារ នេះជាការកើនឡើងខ្ពស់ហើយ អាចនឹងនាំឱ្យការបំពេញបេសកកម្មរបស់ អគ្គនាយកដ្ឋានពន្ធដារមានសភាពតានតឹងកាន់តែខ្លាំង ក៏ខ្ញុំប្ដេជ្ញា និងព្យាយាមឱ្យអស់ពីលទ្ធភាព ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបំពេញបេសកកម្មប្រមូលចំណូលពន្ធ ដោយមិនរាថយ និងមិនរារែក ពោល គឺខ្ញុំនឹងខិតខំប្រឹងប្រែងពុះពារអនុវត្តភារកិច្ចប្រមូលចំណូល ដើម្បីជាការបន្តគាំទ្រដ៏ពេញទំហឹង ចំពោះការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»