(ភ្នំពេញ)៖ រដ្ឋមន្រ្តីកសិកម្មថ្មី លោក ឌិត ទីណា ​និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបើកកិច្ចប្រជុំជាលើកដំបូង ដើម្បីដោះស្រាយបញ្ហាផលិតកម្មពូជស្រូវ សម្រាប់ផ្គត់ផ្គង់ដល់កសិករ ដើម្បីធ្វើយ៉ាងណាឱ្យកសិករទទួល បានតម្លៃពូជស្រូវសមរម្យ បង្កើនផលិតភាព និងទទួលបានប្រាក់ចំណេញខ្ពស់ ខណៈបញ្ហាពូជនេះ បានធ្វើឱ្យប៉ះពាល់ការនាំអង្ករ ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការងារផលិតកម្មគ្រាប់ពូជស្រូវ និងការនាំចេញអង្ករ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ លោក ឌិត ទីណា មានប្រសាសន៍ថា ការដោះស្រាយបញ្ហាពូជស្រូវនេះ គឺជាយុទ្ធសាស្រ្តមួយរបស់ក្រសួងកសិកម្ម ​ក្នុងការពង្រឹងផលិតកម្មផ្ទៃក្នុងឱ្យរឹងមាំសិន ចាប់ពីឆ្នាំ២០២៣ទៅ មុននឹងទៅស្វែងរកទីផ្សារខាងក្រៅបន្ថែម ​ដើម្បីជំរុញចលនានាំចេញអង្ករ។

លោកបន្ថែមថា ​គម្រោងផលិតកម្មពូជនេះ នឹងជំរុញធ្វើយ៉ាងណាឱ្យទទួលបានពូជស្រូវ ដែលសុទ្ធល្អ ចាប់បីខែឧសភា ​ឆ្នាំ២០២៣ទៅ។ លោកជំរុញឱ្យវិស័យឯក ឬក្រុមហ៊ុននាំចេញ ធ្វើកិច្ចសន្យាជាមួយកសិករ នៅតាមតំបន់នីមួយៗរៀងខ្លួន ដើម្បីផ្គត់ផ្គង់ពូជទៅតាមតម្រូវការទីផ្សារ តែ​ត្រូវផ្តល់តម្លៃសមរម្យមួយ ឱ្យថោកជាងតម្លៃពូជបច្ចុប្បន្ននេះ។​

​ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ​បញ្ហាកង្វះគ្រាប់ពូជសុទ្ធ បានធ្វើឱ្យការផ្គត់ផ្គង់របស់កសិករ មករោងម៉ាស៊ីនកិនស្រូវ សម្រាប់កែច្នៃនាំចេញមានបញ្ហាប្រឈម ជាពិសេសអង្ករសែនក្រអូប និងផ្ការំដួល ។​
លោកស្នើឱ្យមានរៀបចំយទ្ធសាស្រ្ត និងផែនការជំរុញផលិតកម្មពូជ នៅក្នុងទ្រង់ទ្រាយធំ ដែលមានការចូលរួមពីគ្រប់ភាគី ដោយផ្តោតលើប្រភេទពូជ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា កន្លងមកផលិតកម្មគ្រាប់ពូជស្រូវ មិនទាន់មានដំណើរការពេញលេញនៅឡើយទេ ដោយផលិតបានតែមួយផ្នែកប៉ុណ្ណោះ ដោយមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ ទៅដល់អ្នកផលិតនៅឡើយ ដោយសារតែការធ្វើការដោយឡែកពីគ្នា ​ពោលគឺអ្នកជំនាញផ្សេង វិស័យឯកជនផ្សេង និងសហគមន៍ផលិតពូជស្រូវធ្វើផ្សេងដោយឡែក ​ដោយមិនទាន់បានផ្សារភ្ជាប់ជាខ្សែច្រវ៉ាក់ផលិតកម្ម ឱ្យបានល្អប្រសើរនៅឡើយ ដែលធ្វើកម្ពុជានៅតែប្រឈមនឹងបញ្ហាពូជស្រូវមកទល់ពេលនេះ។

លោកបន្តថា ​ការប្រើប្រាស់ពូជសុទ្ធ អាចបង្កើនទិន្នផលស្រូវ បានប្រមាណពី៥ ទៅ២០% អាចកាត់បន្ថយបរិមាណនៃការប្រើប្រាស់គ្រាប់ពូជបានច្រើន មានអត្រាដុះគ្រាប់ក្នុងស្រែខ្ពស់ និងដុះស្មើគ្នា ស្រូវអាចដុះលូតលាស់ស្មើ និងមានកម្លាំងខ្លាំង ការលូតលាស់លឿន និងភាពធន់នឹងជំងឺ និងសត្វល្អិត ដំណាំស្រូវទុំស្រុះគ្នាល្អ ស្រូវអង្ករមានគុណខ្ពស់ និងទទួលបានភាគរយ អង្ករខ្ពស់នៅពេលកិន អត្រាលាយគ្រាប់ពូជផ្សេង និងគ្រាប់ស្មៅចង្រៃមានទាប ស្រូវអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារ។

លោកបានឱ្យដឹងថា ​ចំពោះផែនការនៃផលិតកម្មពូជស្រូវ ​សម្រាប់​គ្រាប់ពូជស្រូវគ្រឹះ នឹងផលិតនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម កម្ពុជា និងពូជស្រូវចុះបញ្ជីនឹងគ្រោងផលិតនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង ស្ថានីយបល័ង្គ ខេត្តកំពង់ធំ ស្ថានីយ​ផលិតពូជស្រូវអាងពោធិ៍ ខេត្តបាត់ដំបង ស្ថានីយព្រៃផ្តៅ ខេត្តកំពង់ស្ពឺ និងស្ថានីយព្រៃកណ្តៀង ខេត្តព្រៃវែង។ ចំណែកពូជស្រូវដែលមានវិញ្ញាបនបត្រ នឹងពិភាក្សាកំណត់ជាមួយវិស័យឯកជន និងសហគមន៍កសិកម្មផលិតពូជ​៕