(សៀមរាប)៖ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២២ ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើង៤១.៥ប៊ីលានដុល្លារអាមេរិក។
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជារូបនេះ លើកឡើងថា ការសន្សំប្រាក់ជាផ្នែកសំខាន់ នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុមគ្រួសារនីមួយៗ។ លោកសូមលើកទឹកចិត្ត ដល់សាធារណជន គ្រប់រូបបន្ដសន្សំប្រាក់ និងសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើផ្លូវការ ទោះបីតិច ឬច្រើនក្ដី ប្រាក់សន្សំមានអត្ថប្រយោជន៍ គឺតួនាទីជាទុនបម្រុងយ៉ាងសំខាន់ សម្រាប់ករណីតម្រូវការហិរញ្ញវត្ថុបន្ទាន់ ដែលមិនអាចរំពឹងទុកជាមុនបាន ដូចជាសម្រាប់ព្យាបាលជំងឺ ទប់ទល់ការបាត់បង់ចំណូល ដោយសារវិបត្តិធម្មជាតិ និងគ្រោះអាសន្នផ្សេងៗ។
ការលើកឡើងរបស់លោក រ័ត្ន សុវណ្ណនរៈ ធ្វើឡើងក្នុងទិវាសន្សំអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្សំតិចប្រសើរជាងមិនបានសន្សំ» រៀបចំឡើងក្នុងក្រុងសៀមរាប នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ។
លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងឲ្យដឹងថា «គិតត្រឹមខែសីហា ឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ពិសេសប្រាក់បញ្ញើបានកើនឡើងដល់១៦០.៦ភាគរយ នៃផ.ស.ស. ស្មើ៧០.៦ទ្រីលានរៀល ឬ ៤១.៥ ប៊ីលានដុល្លារអាមេរិក ចំណែកចំនួនគណនីប្រាក់បញ្ញើអតិថិជន ក៏បានកើនឡើងប្រមាណ១៤.៣លានគណនី ក្នុងនោះ១១.៧លានគណនី, នៅធនាគារពាណិជ្ជ និង២.៦លានគណនី នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ»។
លោកបានបន្ដថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានពង្រីកប្រព័ន្ធប្រតិបត្តិការ ដោយមានសាខាសរុប ២.៥៩៣សាខា និងម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ (ATM)ចំនួន ៤ ២១៩ ម៉ាស៊ីន នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុច្រើន តាមតម្រូវការ និងនិន្នាការបច្ចុប្បន្ន។
លោក សុខ វឿន ប្រធានសមាគមហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២នេះ បានទទួលប្រាក់បញ្ញើសរុប ៤.៧ពាន់លានដុល្លារអាមេរិក ពីអតិថិជន ២.៦លាននាក់ ក្នុងនោះរំពឹងថា ចំនួនប្រាក់បញ្ញើនេះនឹងបន្តកើនឡើងជាលំដាប់ តាមរយៈសេវាកម្មមានភាពច្នៃប្រឌិត និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។
លោកបានបន្ដថា ការសន្សំពិតជាមានសារៈសំខាន់ ដែលត្រូវតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ព្រោះថា ការសន្សំអាចជួយសម្រួលនូវតម្រូវការចាំបាច់ ក្នុងស្ថានភាពបន្ទាន់នៅពេលអនាគត ពិសេសគឺចូលរួមពង្រឹង ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។
លោកបានបញ្ជាក់ថា «ខ្ញុំលើកទឹកចិត្តដល់សាធារណៈឱ្យបន្ត និងបង្កើនទម្លាប់សន្សំ ពិសេសការសន្សំជាមួយស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដើម្បីទទួលបានអត្ថប្រយោជន៍ និងចៀសវាងហានិភ័យ និងសូមចាប់ផ្តើមបណ្តុះនូវទម្លាប់សន្សំប្រាក់ ដល់កុមារ ឬក្មេងតូចៗឱ្យឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យគាត់មានបំណិនជីវិតដ៏សំខាន់មួយនេះ»។
បណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ការកើនឡើងនៃប្រាក់បញ្ញើអតិថិជន គួរឲ្យកត់សម្គាល់នេះ បង្ហាញពីជំនឿទុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធធនាគារនៅកម្ពុជា។
លោកបណ្ឌិត សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ ងាកមកប្រើប្រាស់សេវាសន្សំ តាមគ្រឹះស្ថានធនាគារផ្លូវការ ទោះជាច្រើនក្តីតិចក្តី សន្សំតិចប្រសើរជាងមិនបានសន្សំ និងសន្សំដើម្បីទទួលបានអត្ថប្រយោជន៍ដូចជា អត្រាការប្រាក់ប្រគួតប្រជែង សុវត្ថិភាព និងមានការពារពីហានិភ័យផ្សេងៗ៕