(ភ្នំពេញ)៖ កម្ពុជានឹងចរចាបើកទីផ្សារប្រទេសចិន ដើម្បីនាំចេញកសិផលកម្ពុជាបន្ថែមទៀត មានដូចជា៖ ម្រេច ដូងក្រអូប ទុរេន សំបុកចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ និងគ្រាប់ឈូកជាដើម បន្ទាប់ពីបាននាំចេញជាផ្លូវការនូវផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារចិន។
លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិន បានបញ្ជាក់យ៉ាងដូច្នេះថា «នាពេលខាងមុខ កម្ពុជានឹងបើកការចរចា ដើម្បីបើកទីផ្សារប្រទេសចិន សម្រាប់ការនាំចេញ កសិផលកម្ពុជាផ្សេងទៀត ដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផលសម្បុកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ និងគ្រាប់ឈូក ជាដើម»។
តែយ៉ាងណា លោក ឌិត ទីណា លើកឡើងថា ទីផ្សារចិននៅតែជាទីផ្សារ ដែលមានសក្តានុពល សម្រាប់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ប៉ុន្តែការវិនិយោគរបស់ចិន លើវិស័យកសិកម្មនៅកម្ពុជា នៅមានកម្រិតទាបខ្លាំងនៅឡើយ។
លោកគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២១ កម្ពុជាទទួលបានវិនិយោគទុនចិនត្រឹមតែ៧០លានដុល្លារ ហើយសម្រាប់ឆមាសទី១ នាំឆ្នាំ២០២២នេះ តួលេខនេះបានធ្លាក់ចុះថែមទៀតមកត្រឹមតែ៤លានដុល្លារប៉ុណ្ណោះ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការទាក់ទាញវិនិយោគគិនចិន ឱ្យវិនិយោគលើវិស័យកសិកម្ម។
លោកបន្តថា «ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បើកទូលាយទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគថ្មីថែមទៀតពីប្រទេសចិន ក្នុងវិស័យកសិកម្ម ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ»។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកនាំចេញចេក និងស្វាយ ទៅកាន់ទីផ្សារប្រទេសចិន បានបញ្ជាក់ថា កសិផលដែលកម្ពុជា នឹងបើកការចរចាទៅទីផ្សារចិននោះ គឺសុទ្ធតែមានសក្ដានុពលទាំងអស់ សម្រាប់ទីផ្សារប្រទេសចិន។
ឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា ការអនុញ្ញាតឲ្យនាំចូលផលិតស្រស់ ចូលទៅកាន់ប្រទេសចិន មិនមែនត្រឹមតែកម្ពុជានោះទេ គឺប្រទេសដទៃទៀត នៅលើពិភពលោក មិនមែនជារឿងងាយស្រួលនោះទេ គឺតម្រូវមានលក្ខខណ្ឌច្រើន ជាពិសេសពាក់ព័ន្ធនឹងរបាំងបច្ចេកទេស ដែលហៅថា អនាម័យ និងភូតគាមអនាម័យ។
ឧកញ៉ាបានឲ្យដឹងថា របាំងបច្ចេកទេស គឺទាមទារឲ្យមានពេលវេលាសិក្សាទៅវិញ-ទៅមក និងចុះត្រួតពិនិត្យ ដោយត្រូវប្រើពេលរាប់ឆ្នាំ ក៏ប៉ុន្ដែដោយសារផលិតរបស់កម្ពុជា មានការវិវឌ្ឍន៍ជាវិជ្ជមាន ដូច្នេះបានជារដ្ឋមន្ដ្រីពាណិជ្ជកម្ម និងកសិកម្មកម្ពុជា បានដាក់ចូលជាកញ្ចប់ស្នើសុំ តាមប្រមុខរដ្ឋាភិបាល ទៅចរចានៅប្រទេសចិន។
លោកថា នេះជាការយោគយល់ និងមានលក្ខណៈពិសេស ក្នុងការអនុញ្ញាតផលិតផលកម្ពុជា នាំចេញទៅកាន់ប្រទេសចិន ប៉ុន្ដែអ្វីដែលកម្ពុជាត្រូវធ្វើ គឺត្រូវពង្រឹងគុណភាពសុវត្ថិភាព និងគោរពតាមបទដ្ឋាន អនុលោមអនាម័យ និងភូតគាមអនាម័យ របស់ប្រទេសចិន។
គូសបញ្ជាក់ថា រយៈពេល៩ខែ ដើមឆ្នាំ២០២២ ការនាំចេញកសិផលទៅប្រទេសចិន សម្រេចបានជាង៥៨ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង៤៩១លានដុល្លារ។
យោងតាមទិន្នន័យ នាំចេញកសិផលទៅក្រៅប្រទេស ដែលកត់ត្រាដោយអគ្គនាយកដ្ឋានកសិកម្មក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផល ទៅប្រទេសចិន ចំនួនជាង៨៣ម៉ឺនតោន គិតជាទឹកប្រាក់ ស្មើនឹងជិត៧០០លានដុល្លារ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិនរួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ផ្លែមៀន និងត្រីប្រា។ ក្នុងនោះផ្លែមៀនអាចនឹងនាំចេញនៅរដូវប្រមូល នាខែវិច្ឆិកាខាងមុខ ចំណែកត្រីប្រា កំពុងរៀបចំបច្ចេកទេសកែច្នៃនាំចេញ៕