(តូក្យូ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃសុក្រសប្តាហ៍នេះបានកាត់បន្ថយការព្យាករសេដ្ឋកិច្ចរបស់តំបន់អាស៊ី ខណៈការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនៅទូទាំងពិភពលោក ការកើនឡើងអតិផរណាដោយសារសង្រ្គាមនៅអ៊ុយក្រែន និងការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនសេដ្ឋកិច្ចចិន បានធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់នេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិករបស់មូលនិធិ IMF ថា ខណៈពេលដែលអតិផរណានៅក្នុងតំបន់អាស៊ីនៅតែធ្លាក់ចុះបើធៀបនឹងតំបន់ផ្សេងទៀត ធនាគារកណ្តាលភាគច្រើនត្រូវតែបន្តដំឡើងអត្រាការប្រាក់ដើម្បីធានាថា អត្រាអតិផរណាស្ថិតនៅក្នុងការរំពឹងទុក។
លោកស្រី Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF បានថ្លែថា៖ «ការស្ទុះងើបឡើងវិញសេដ្ឋកិច្ចដ៏រឹងមាំរបស់អាស៊ីនៅដើមឆ្នាំនេះកំពុងបាត់បង់សន្ទុះ ដោយសេដ្ឋកិច្ចនៅត្រីមាសទីពីរមានទាបជាងការរំពឹងទុក។ ការរឹតបន្តឹងបន្ថែមទៀតនៃគោលនយោបាយរូបិយវត្ថុនឹងត្រូវធ្វើថែមទៀត ដើម្បីធានាថា អតិផរណាវិលត្រឡប់ទៅរកគោលដៅវិញ ហើយអតិផរណានឹងស្ថិតនៅក្នុងការរំពឹងទុក»។
មូលនិធិ IMF បានកាត់ទម្លាក់ការព្យាករកំណើនរបស់អាស៊ីមកត្រឹម ៤ភាគរយនៅឆ្នាំនេះ និង ៤,៣ភាគរយនៅឆ្នាំក្រោយ ពោលគឺធ្លាក់ចុះ ០,៩ពិន្ទុភាគរយ និង ០,៨ពិន្ទុភាគរយរៀងគ្នាធៀបនឹងការព្យាករកាលពីខែមេសា។ ការថយចុះកំណើននេះកើតមានឡើងបន្ទាប់ពីការកើនឡើង ៦,៥ ភាគរយនៅឆ្នាំ២០២១។
មូលនិធិ IMF បានឱ្យដឹងថា ក្នុងចំណោមបញ្ហាប្រឈមដ៏ធំបំផុតគឺការថមថយសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងទូលំទូលាយរបស់ប្រទេសចិនដោយសារវិធានការបិទខ្ទប់ប្រឆាំងនឹងជំងឺកូវីដយ៉ាងតឹងរ៉ឹង និងបញ្ហាធ្លាក់ចុះវិស័យអចលនទ្រព្យកាន់តែអាក្រក់ទៅៗរបស់ប្រទេសនេះ។
មូលនិធិ IMF រំពឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងធ្លាក់ចុះមកត្រឹម ៣,២ភាគរយនៅឆ្នាំនេះ ដែលជាការធ្លាក់ចុះ ១,២ពិន្ទុភាគរយធៀបនឹងការព្យាករនៅខែមេសា បន្ទាប់ពីការកើនឡើង ៨,១ភាគរយនៅឆ្នាំ២០២១។ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះត្រូវបានព្យាករថានឹងកើនឡើង ៤,៤ភាគរយនៅឆ្នាំក្រោយ និង ៤,៥ភាគរយនៅឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕