(បាងកក)៖ សេដ្ឋកិច្ចឌីជីថល ឬអ៊ីនធឺណែតរបស់ប្រទេសថៃត្រូវបានព្យាករថានឹងកើនឡើង ១៧% នៅឆ្នាំ២០២២ ធៀបនឹងឆ្នាំមុនដល់ចំនួន ៣៥ពាន់លានដុល្លារដែលជំរុញដោយពាណិជ្ជកម្មអេឡិចត្រូនិច និងកើនដល់ ៥៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់របាយការណ៍ eConomy SEA 2022 ដែលចេញផ្សាយដោយក្រុមហ៊ុន Google ក្រុមហ៊ុន Temasek និងក្រុមហ៊ុន Bain & Company ថា ប្រទេសថៃត្រូវបានរំពឹងថានឹងនៅតែជាសេដ្ឋកិច្ចឌីជីថលធំទីពីរក្នុងតំបន់អាស៊ាននៅឆ្នាំនេះ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានព្យាករណ៍ថានឹងមាន ៧៧ពាន់លានដុល្លារបើគិតជាតម្លៃទំនិញដុល (GMV)។ ប្រទេសស្ថិតនៅលំដាប់ទី៣ គឺវៀតណាមមានទំហំ ២៣ពាន់លានដុល្លារ ម៉ាឡេស៊ីមាន ២១ពាន់លានដុល្លារ ហ្វីលីពីនមាន ២០ពាន់លានដុល្លារ និងសិង្ហបុរីមាន ១៨ពាន់លានដុល្លារ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ សេដ្ឋកិច្ចអ៊ីនធឺណិតរបស់ប្រទេសថៃត្រូវបានព្យាករថានឹងមានអត្រាកំណើនប្រចាំឆ្នាំរួម (CAGR) ១៥% ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ដែលជាកំណើតយឺតបំផុតក្នុងចំណោមប្រទេសអាស៊ានចំនួនប្រាំផ្សេងទៀតគឺ វៀតណាម (៣១%) ហ្វីលីពីន (២០%) ឥណ្ឌូនេស៊ី (១៩%) ម៉ាឡេស៊ី (១៧%) និងសិង្ហបុរី (១៧%)។

បើទោះបីជាប្រទេសសមាជិកអាស៊ានចាប់ផ្តើមវិលត្រឡប់ទៅរកភាពប្រក្រតីមុនការជំងឺរាតត្បាតក៏ដោយ ក៏ប្រឈមមុខនឹងបញ្ហាសកលលោកផងដែរ ដែលអាចបណ្តាលឱ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះជួបបញ្ហាកក្នុងកសារស្តារសេដ្ឋកិច្ចឡើងវិញ។

របាយការណ៍ដដែលនេះបានឱ្យដឹងថា៖ ការកើនឡើងអត្រាការប្រាក់ និងសម្ពាធអតិផរណាខ្ពស់កំពុងជះឥទ្ធិពលលើតម្រូវការអ្នកប្រើប្រាស់ ជាពិសេសវិស័យនានាដែលជាស្នូលនៃសេដ្ឋកិច្ចឌីជីថល»៕