(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានថ្លែងនៅថ្ងៃសុក្រថា ប្រទេសវៀតណាមមិនប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈទេ ដោយព្យាយាមបន្ធូរក្តីបារម្ភ បន្ទាប់ពីស្ថានីយប្រេងមួយចំនួនក្នុងទីក្រុងភាគខាងត្បូងកាត់បន្ថយ ឬដាក់កម្រិតដល់ការលក់ប្រេងដោយលើកឡើងពីបញ្ហាហិរញ្ញវត្ថុ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោករដ្ឋមន្ត្រី Nguyen Hong Dien ខណៈថ្លែងទៅកាន់សភាជាតិវៀតណាមថា បញ្ហានេះកើតមានឡើងដោយសារការប្រែប្រួលអត្រាប្តូរប្រាក់បរទេស និងដោយសារតែក្រុមហ៊ុននាំចូលឥន្ធនៈមួយចំនួនប្រឈមនឹងការលំបាកក្នុងការទទួលបានឥណទានពីធនាគារ។
លោកមានប្រសាសន៍ថា៖ «ទីផ្សារឥន្ធនៈក្នុងស្រុកមានស្ថិរភាព ដោយមិនមានការខ្វះខាតអ្វីឡើយ ខណៈតម្លៃគឺទាបជាងប្រទេសផ្សេងទៀតក្នុងតំបន់»។
លោក Dien បានបន្ថែមថា ស្តុកប្រេងរបស់វៀតណាមចំនួន ៣លានម៉ែត្រគូបគឺគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងស្រុករហូតដល់ចុងខែវិច្ឆិកា ខណៈដែលរោងចក្រចម្រាញ់ក្នុងស្រុកដែលផ្គត់ផ្គង់តម្រូវការប្រេងឥន្ធនៈបានពី ៧០ ភាគរយទៅ ៨០ ភាគរយកំពុងដំណើរការពេញសមត្ថភាព។
កាលពីសប្តាហ៍មុន ក្រសួងបានឱ្យដឹងថា ខ្លួនបានស្នើសុំធនាគារកណ្តាលវៀតណាមឱ្យជួយពាណិជ្ជករឥន្ធនៈក្នុងស្រុកក្នុងការទទួលបានរូបិយប័ណ្ណបរទេស ដើម្បីទូទាត់ថ្លៃនាំចូលប្រេងឥន្ធនៈ។
នៅថ្ងៃសុក្រសប្តាហ៍នេះ ទេសាភិបាលធនាគារកណ្តាលវៀតណាមលោក Nguyen Thi Hong បាននិយាយថា ប្រព័ន្ធធនាគារវៀតណាមបានផ្តល់ប្រាក់កម្ចីចំនួន ១០៣ពាន់ពាន់លានដុង (៤,១៥ពាន់លានដុល្លារ) សម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មប្រេងឥន្ធនៈ ប៉ុន្តែក្រុមហ៊ុនទាំងនោះបានខ្ចីតែ ៥៨ពាន់ពាន់លានដុងប៉ុណ្ណោះ។
លោកបានបន្ថែមថា ធនាគារកណ្តាលបានលក់រូបិយប័ណ្ណបរទេសដែលមានតម្លៃប្រហែល ១០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ រួមទាំងរោងចក្រចម្រាញ់ប្រេងចំនួនពីររបស់វៀតណាមក្នុងរយៈពេល ៩ខែដំបូងក្នុងឆ្នាមនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕