(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២នេះ នឹងសម្រេចបានកំណើន៥.៤% ទោះបីជាទទួលរងផលប៉ះពាល់ ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី និងឆ្នាំ២០២៣ ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦.៦%។ នេះបើតាមខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។
បើតាមសេចក្ដីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៣ បានបញ្ជាក់ថា «ផ្អែកលើការវាយតម្លៃពាក់កណ្តាលឆ្នាំ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ ត្រូវបានវាយតម្លៃថា នឹងបន្តនិន្នាការកើនឡើង ធៀបនឹងកំណើននៅឆ្នាំ ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ ៥.៤%, ទោះបីជាទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី»។
ការកើនឡើងនេះ ដោយសារការបន្តភាពល្អប្រសើរនៃតម្រូវការខាងក្រៅ និងស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បានវិលត្រឡប់មករកប្រក្រតីភាពវិញ បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ។
ដោយឡែកសម្រាប់ឆ្នាំ២០២៣, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦.៦% ដែលធ្វើឲ្យ ផសស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ប៊ីលានរៀល ឬសមមូលស្មើនឹង ប្រមាណ ៣២ ២៩១ លានដុល្លារអាមេរិក, ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ១ ៩២៤ ដុល្លារអាមេរិក បើធៀបនឹង ១ ៧៨៥ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។
បើតាមតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣នេះ នឹងត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ក្នុងនោះរួមមាន៖
(ទី១)៖ វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា៩.២% ក្នុងឆ្នាំ ២០២៣ ប្រហាក់ប្រហែលទៅនឹងកំណើនឆ្នាំ ២០២២ ក្នុងអត្រា ៩.០% ដោយសារការរំពឹងទុក លើការបន្តកំណើនរឹងមាំនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។
អនុវិស័យកាត់ដេរ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងដោយសារការរំពឹងទុក លើភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ជាពិសេសទីផ្សារសហរដ្ឋអាម៉េរិក ស្របជាមួយការរំពឹងទុក លើការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ ដូចជា៖ មីយ៉ាន់ម៉ា ជាដើម។
(ទី២)៖ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា៦.៦% ក្នុងឆ្នាំ២០២៣ ពីកំណើន៤.៣% ក្នុងឆ្នាំ២០២២ ដោយសារការបន្តងើបឡើង នូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។
អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានរំពឹងថា បន្តនិន្នាការងើបឡើងវិញ ដោយសារការរំពឹងទុកលើការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលភ្ញៀវទេសចរជាតិ ក៏ត្រូវបានរំពឹងថានឹងបន្តកើនឡើង ជាមួយនឹងសម្ទុះលឿនជាងភ្ញៀវទេសចរអន្តរជាតិ ដោយសារការដកចេញនូវរបាំងធ្វើដំណើរផ្សេងៗ និងការវិលត្រឡប់រកប្រក្រតីភាពវិញនៃសង្គម-សេដ្ឋកិច្ច។
(ទី៣)៖ វិស័យកសិកម្មត្រូវបានរំពឹងថា នៅបន្តនិន្នាការកើនឡើង ក្នុងអត្រា ១.១% ក្នុងឆ្នាំ ២០២៣ ធៀបនឹង ០.៧% ក្នុងឆ្នាំ ២០២២ ដោយសារការរំពឹងទុកលើការបន្តរក្សាកំណើនល្អប្រសើរ នៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទ ត្រូវបានរំពឹងថា នឹងងើបឡើងវិញ។
អនុវិស័យដំណាំ ត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃការនាំចេញផលិតផលកសិកម្ម ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្ម ដែលនឹងបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាល ជាពិសេស ការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។
អនុវិស័យចិញ្ចឹមសត្វ ត្រូវបានរំពឹងថានឹងនៅបន្តរក្សាកំណើនខ្ពស់ ដោយសារការរំពឹងទុកលើការបន្តកើនឡើងនៃផលិតកម្មជ្រូក គួបផ្សំនឹងវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍនានា៕