(ភ្នំពេញ)៖ នៅឆ្នាំក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីបំណុលបរទេស ប្រមាណជាង២ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបនឹងការចំណាយរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ ​​ខណៈរាជរដ្ឋាភិបាលអះអាងថា ទោះបីជាកម្ចីនេះកើនឡើងក៏ដោយ តែមិនមែនបង្កើតបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជានោះទេ គឺស្ថានភាពបំណុលនេះ ​ស្ថិតក្នុងកម្រិតហានិភ័យទាបដដែល។

​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បានបញ្ជាក់ថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា ​គ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍ​ន៍ និងប្រទេសជាមិត្ត​ ក្នុងកម្រិត ១ ៧០០ លានSDR ឬប្រមាណជាង២​ពាន់លានដុល្លារ គឺកើនឡើង១០០លានSDR ដែលស្មើនឹង ជាង១០០លានដុល្លារអាមេរិក បើធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២២។

​សេចក្តីព្រាងច្បាប់នេះបានបញ្ជាក់ថា កម្ចីកើនឡើងនេះ ​ដោយផ្អែកលើទំហំនៃតម្រូវការវិនិយោគសាធារណៈមានការកើនឡើង ដែលកម្ពុជាមានភាពចាំបាច់ក្នុងការកៀរគរធនធានបន្ថែមឱ្យបានច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ​ ស្របពេលដែលគម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ ២០២៣ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព(ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម) ហើយដែលត្រូវបានរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្រ្តក្នុងការទ្រទ្រង់ដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងវែង​​ និងជាប្រភេទ ឥណទានមានកម្រិតសម្បទានខ្ពស់​។ ទន្ទឹមគ្នានេះ ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យម នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប»​ ​ហើយរដ្ឋាភិបាលនឹងបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុង ការគ្រប់គ្រង និងអនុវត្តគម្រោង។

ថវិកាទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់ គម្រោងសំខាន់ៗរួមមាន៖ ​វិស័យថាមពលចំនួន ៧ គម្រោង,​ ​វិស័យធារាសាស្រ្តចំនួន ៥ គម្រោង​, វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចំនួន ៦ គម្រោង​, វិស័យសុខាភិបាលចំនួន ១ គម្រោង​, វិស័យអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១ គម្រោង​​,​ វិស័យកសិកម្មចំនួន ៣ គម្រោង​ និងវិស័យអាទិភាពផ្សេងទៀតចំនួន ៥ គម្រោង​។

ជាមួយគ្នានេះដែរ ​នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរ ចំនួន ២០០ លានដុល្លារអាមេរិក សម្រាប់សងប្រាក់ដើមនៃការបោះផ្សាយមូលបត្រឆ្នាំ ២០២២ ចំនួន ២០០ ០០០ លានរៀលស្មើនឹងប្រមាណ ៤៩ លានដុល្លារអាមេរិក និង ការគ្រោងថវិកាចំនួន ៦១៣ ៨១៥ លានរៀល​ស្មើនឹង​ប្រមាណ ១៥១ លានដុល្លារអាមេរិកទៀត សម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចិរភាពនៃការគ្រប់គ្រងបំណុល និងថវិកាជាតិ ។

រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា​ ការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទី ២ និងការខ្ចីក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈ កម្ពុជានៅតែត្រូវបានវាយតម្លៃថាមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗ របស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់។

សូមជម្រាបថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ កម្ពុជាជំពាក់បំពុលបរទេសចំនួន ៩ ៥៧៥ លានដុល្លារ ក្នុងនោះចិន មានចំនួន ៤១% ប្រមាណ ៣.៩ពាន់លានដុល្លារ, បំណុលមរតកចំនួន ៧% ឬស្មើនឹង ៦៧០លានដុល្លារ បំណុលទ្វេភាគី ចំនួន២១% ដែលស្មើនឹងជាង២ពាន់លានដុល្លារ រួមនឹងបំណុលធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ២០% ធនាគារពិភពលោកចំនួន ៩% និងពហុភាគីផ្សេងៗចំនួន២%​៕