(ភ្នំពេញ)៖ សម្រាប់ឆ្នាំ ២០២៣ខាងមុននេះ ចំណូលពន្ធផ្ទៃក្នុង ដែលត្រូវប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងត្រូវបានកំណត់ ក្នុងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តម្រូវឲ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឲ្យបានមានចំនួន ១៤ ៤៦៥.៣៩ប៊ីលានរៀល ស្មើនឹង ៣ ៥៧១.៧០លានដុល្លារកើនឡើង ២៦.៧០% ធៀបនឹងផែនការច្បាប់ថវិកា ឆ្នាំ២០២២។

នៅឆ្នាំ២០២២ ច្បាប់ថវិកាបានកំណត់ឲ្យពន្ធដារ ប្រមូលចំណូលឲ្យបាន ១១ ៤១៩.១៣ប៊ីលានរៀល ស្មើនឹងប្រមាណ ២៨១៩.៥៥លានដុល្លារអាមេរិក។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកពន្ធដារ បានបញ្ជាក់ថា បើទោះស្ថានភាពសេដ្ឋកិច្ចសកល បានកំពុងជួបវិបត្តិ ដែលស្ថិតភាពមិនច្បាស់លាស់ក្តី ហើយសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ ត្រូវបានព្យាករកើនឡើង៦.៦% ខណៈការលើកលែងពន្ធដល់វិស័យអនុគ្រោះ នៅតែបន្តមានច្រើនក្តី អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មនេះ ឲ្យអស់ពីលទ្ធភាព ដើម្បីគាំទ្រការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបន្តថា ដើម្បីឈានដល់ការអនុវត្តការប្រមូលចំណូលពន្ធ ឲ្យគ្រប់តាមផែនការ អគ្គនាយករដ្ឋានពន្ធដារ នៅតែបន្តធ្វើកំណែទម្រង់ថែមទៀត ដែលកំណែទម្រង់នេះ ធ្វើឲ្យលទ្ធផលចំណូលពន្ធរបស់ពន្ធដារលើសផែនការបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន គឺសរុបមកជាង ១០ឆ្នាំ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងដូច្នេះថា «បើទោះជាការកើនឡើងនៃផែនការប្រមូលចំណូលពន្ធ ប្រមាណ ៣ ០៤៦.២៦ប៊ីលានរៀល (ប្រមាណជា៧៥២.១៦លានដុល្លា) នេះជាការកើនឡើងខ្ពស់ហើយ អាចនឹងនាំឱ្យការបំពេញបេសកកម្មរបស់ អគ្គនាយកដ្ឋានពន្ធដារមានសភាពតានតឹងកាន់តែខ្លាំង ក៏ខ្ញុំប្ដេជ្ញា និងព្យាយាមឱ្យអស់ពីលទ្ធភាព ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបំពេញបេសកកម្មប្រមូលចំណូលពន្ធ ដោយមិនរាថយ និងមិនរារែក ពោល គឺខ្ញុំនឹងខិតខំប្រឹងប្រែងពុះពារអនុវត្តភារកិច្ចប្រមូលចំណូល ដើម្បីជាការបន្តគាំទ្រដ៏ពេញទំហឹង ចំពោះការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

សូមជម្រាបថា គិតត្រឹមរយៈពេល ៩ខែ និង២៨ថ្ងៃនៃខែតុលា ឆ្នាំ២០២២នេះ លទ្ធផលនៃការគ្រប់គ្រងប្រមូល ចំណូលពន្ធ និងអាករគ្រប់ប្រភេទ ប្រមាណ ២ ៩៤១.៣២ លានដុល្លារពោល គឺសម្រេចបាន ១០៤.៣២% នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០២២៕