(ភ្នំពេញ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងសៀមិន ប្រទេសចិន បានចុះអនុស្សារណៈយោគយល់គ្នា (MoU) លើការជំរុញការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ប្រទេសចិន។

ការចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រោមការចូលរួមពីលោក ឈួន ដារ៉ា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម, លោក កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក ZENG Yomin ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងសៀមិន។

លោក ឈួន ដារ៉ា បានថ្លែងថា ការចុះអនុស្សារណៈយោគយល់គ្នានេះ ជាជំហានទីមួយ ក្នុងការបើកផ្លូវនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ប្រទេសចិន។ លោកសូមកោតសសើរដល់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្ដីពាក់ព័ន្ធទាំងអស់ ដោយបានខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណា នាំចេញផលិតផលជាផ្នែកកសិកម្ម ពីកម្ពុជាទៅកាន់ប្រទេសចិន។

លោកបានបន្ដថា សំបុកត្រចៀកកាំ នាំចេញបានកាន់តែច្រើនកាន់តែល្អ ក្នុងដរាបណារក្សាគុណភាពឲ្យបានល្អប្រសើរ ដូច្នេះត្រូវនាំយកនូវបច្ចេកទេសទាំងឡាយ ដែលធ្លាប់ធ្វើនៅបណ្ដាប្រទេសក្នុងតំបន់ ដែលធ្លាប់នាំចូលទៅកាន់ប្រទេសចិន ដើម្បីឲ្យគយចិនមានទំនុកចិត្តលើផលិតផលរបស់កម្ពុជា ដូច្នេះទើបអាចជោគជ័យក្នុងការនាំចេញទៅប្រទេសចិនបាន។

លោក កៅ កោសល បានថ្លែងថា អនុស្សារណៈនៃការយោគយល់គ្នានេះ បានផ្តោតទៅលើសកម្មភាពនៃ កិច្ចសហប្រតិបត្តិការសំខាន់ៗរួមមាន៖

១៖ ការស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំ។
២៖ កិច្ចគាំពារឱ្យមានការបង្កើតរោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ។
៣៖ ការជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ត្រចៀកកាំរវាងកម្ពុជា-ចិន។
៤៖ ការពង្រឹងបណ្ដាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗដូចជា វេទិការធុរកិច្ច ការផ្គូផ្គង ពាណិជ្ជកម្ម និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មជាដើម។

លោកបានបន្ថែមថា «អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នឹងបន្តធ្វើកិច្ចការជាមួយមជ្ឈមណ្ឌលនេះបន្តទៀត
ដើម្បីដាក់ចេញកម្មវិធីការងារជាក់លាក់មួយ ឈានទៅអនុវត្តអនុស្សារណៈនៃការយោគយល់គ្នានេះ ឱ្យទទួលបានជោគជ័យ»។

លោក ZENG Yomin បានថ្លែងថា ប្រទេសកម្ពុជាពុំទាន់មានការនាំចេញសំបុកត្រចៀកកាំជាផ្លូវការទៅកាន់ប្រទេសចិននោះទេ ដូច្នេះនឹងធ្វើឲ្យខាតប្រយោជន៍ដល់ប្រទេសទាំងពីរ ពិសេសអ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជា ដូច្នេះការចុះអនុស្សណៈយោគយល់គ្នានេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសទាំងពីរ។

លោកបានបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសៀមិន ពិតជារីករាយដោយបានចុះអនុស្សារណៈ ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជានាពេលនេះ តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសៀមិន នឹងជួយជំរុញសំបុកត្រចៀកកាំកម្ពុជា នាំចូលទៅកាន់ប្រទេសចិនដោយជោគជ័យ៕