(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បាននិងកំពុងអភិវឌ្ឍន៍គេហទំព័រ Business.gov.kh ដើម្បីងាយភាពស្រួលដល់វិធុរជន និងវិនិយោគិន ទាំងក្នុង និងក្រៅស្រុកទទួលបានព័ត៌មាននានា ទាក់ទងនឹងការវិនិយោគនៅកម្ពុជា។

បណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វេបផតថលសម្រាប់សេដ្ឋកិច្ច និងធុរកិច្ចឌីជីថលកម្ពុជា នាថ្ងៃទី២៧ ខែតុលានេះថា ក្រោយទទួលបានគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្នាលធុរកិច្ច Business.gov.kh ​កំពុងត្រូវបានអភិវឌ្ឍនៅឡើយ។

លោកថា ​ថ្នាលធុរកិច្ចBusiness.gov.kh គឺជាថ្នាលបណ្តុំព័ត៌មានរួម (One-Stop Imformation Center) ស្តីពីការធ្វើធុរកិច្ច និងមជ្ឈមណ្ឌលព័ត៌មានកណ្តាលដែលធុរជន និងវិនិយោគិនក្នុងស្រុក និងក្រៅស្រុកអាចចូលប្រើប្រាស់ ដើម្បីទទួលបានព័ត៌មាន។ ថ្នាលនេះនឹងអនុញ្ញាតឱ្យធុរជន និងវិនិយោគិន អាចស្វែងរកព័ត៌មានបាននៅក្នុងកន្លែងតែមួយតាមអនឡាញ ដែលអាចជួយកាត់បន្ថយការធ្វើដំណើរ ពេលវេលា និងថវិកា។

លោកបន្ថែមថា ការចូលរួមពីវិស័យសាធារណៈ និងវិស័យឯកជន ប្រៀបបាននឹងធាតុផ្សំពីរយ៉ាងស្រួចស្រាល់ ដោយវិស័យពីរមានតួនាទីដើរទន្ទឹមគ្នា និងអាចបំពេញចន្លោះឱ្យគ្នាទៅវិញទៅមកបាន ក្នុងការជំរុញល្បឿនបរិវត្តកម្មឌីជីថល ដើម្បីធានាបាននូវនវានុវត្តន៍នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជារួម។

ដោយសម្លឹងមើលឃើញពីសក្តានុពល និងកាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញធុរកិច្ចឌីជីថល រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងអភិវឌ្ឍវេបផតថលគាំទ្រសំខាន់ៗមួយចំនួន ដូចជាគេហទំហទំព័រគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ,ថ្នាលធុរកិច្ច Business.gov.kh, ថ្នាលធុរកិច្ចថ្មីកម្ពុជា Startup Cambodia និងគម្រោង Go4Cam.​៕