(ភ្នំពេញ)៖ ផ្លែមៀនប៉ៃលិនស្រស់របស់កម្ពុជា ត្រូវបានបើកសម្ពោធនាំចេញទៅប្រទេសចិនជាផ្លូវការហើយ នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ បើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំរួចមក។
ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារចិនជាផ្លូវការ បានរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា ការសម្រេចបានសិទ្ធិនាំចេញផ្លែមៀនស្រស់ជាផ្លូវការ ទៅកាន់ប្រទេសចិន គឺជាការបោះជំហានទៅមុខយ៉ាងវែងសម្រាប់កម្ពុជា។ នេះគឺជាជោគជ័យថ្មីមួយទៀត ដែលប្រសូតចេញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិន ក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឱ្យការនាំចេញ និងដល់ការបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
លោករដ្ឋមន្ត្រីបន្តថា «ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដ៏ល្អប្រសើរ ដែលអគ្គនាយកដ្ឋានកសិកម្ម សម្រេចបានលើការជំរុញការនាំចេញផ្លែមៀនស្រស់នាពេលនេះ។ ខ្ញុំសូមសម្តែងនូវការសាទរ ចំពោះសមាគមកសិកម្មមៀនប៉ៃលិនទាំង៧៤ចំការ ដែលទទួលបានទីផ្សារនាំចេញធំទូលាយ ប្រកបដោយសក្តានុពល និងចំពោះក្រុមហ៊ុនទាំង៨ ដែលទទួលបានសិទ្ធិវេចខ្ចប់ និងនាំចេញជាផ្លូវការទីកាន់ប្រទេសចិន»។
លោកថា នាពេលខាងមុខកម្ពុជានឹងបើកការចរចា ដើម្បីបើកទីផ្សារប្រទេសចិន សម្រាប់ការនាំចេញកសិករកម្ពុជាផ្សេងទៀត ដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផលសម្បុកក្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ និងគ្រាប់ឈូកជាដើម។
លោក វ៉ាង វិនធាន បានថ្លែងថា ផ្លែមៀន គឺជាកសិផលប្រភេទទី៣របស់កម្ពុជា ដែលត្រូវបានអនុម័តនាំចេញទៅប្រទេសចិន បន្ទាប់ពីត្រីប្រា និងពោតនៅក្នុងឆ្នាំនេះ។ ការប្រារព្ធពិធីសម្ពោធនាំចេញនាពេលនេះ ដើម្បីធ្វើជាសាក្សីនៃការនាំចេញផ្លែមៀនរបស់កម្ពុជា ទៅកាន់ប្រទេសចិន ដោយជោគជ័យដែលនេះ គឺជាសមិទ្ធផលសំខាន់មួយទៀត នៃកិច្ចសហប្រតិបត្តិការកសិកម្មរវាងចិន និងកម្ពុជា ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ ។ សមិទ្ធផលនេះនឹងនាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជនទាំងពីរ និងជំរុញការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។
ចំការមៀនដែលទទួលបានការអនុម័ត ចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន មានចំនួន៧៤ នោះ ក្នុងនៅខេត្តប៉ៃលិនចំនួន ៤០ចំការ បាត់ដំបងចំនួន២៨ ចំការ និងបន្ទាយមានជ័យចំនួន ៦ចំការ។ ដោយឡែក រោងចក្រវេចខ្ចប់ចំនួន ៨ រួមមាននៅខេត្តកណ្តាលចំនួន ១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។
បើទោះបីមានការសម្ពោធការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិនក៏ពិតមែន ប៉ុន្តែការនាំចេញជាលើកដំបូង អាចនឹងធ្វើឡើងនៅខែវិច្ឆិកា ដោយរង់ចាំការប្រមូលផលរបស់កសិករសិន៕