(សិង្ហបុរី)៖ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា អាស៊ីអាគ្នេយ៍ងាយរងគ្រោះដោយវិបត្តិថាមពល ដោយសារតម្រូវការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ ហើយគួរតែធ្វើពិពិធកម្មប្រភពនាំចូលរបស់ខ្លួន។ នេះបើយោងតាមកាសែត Channel News Asia។
ថ្លែងទៅកាន់កាសែត CNA នៅថ្ងៃអង្គារសប្តាហ៍នេះនៅខាងក្រៅកិច្ចប្រជុំស្តីពីសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី លោក Fatih Birol នាយកប្រតិបត្តិទីភ្នាក់ងារ IEA បានជំរុញឱ្យតំបន់អាស៊ីអាគ្នេហ៍រៀនសូត្រពីវិបត្តិដែលកំពុងកើតឡើងនៅអឺរ៉ុប ដែលការពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ីបានធ្វើឱ្យប្រទេសនានាមានការចំណាយខ្ពស់ និងជួបបញ្ហាផ្គត់ផ្គង់។
លោកបានបន្ថែមថា អាស៊ីអាគ្នេយ៍គួរតែវិនិយោគបន្ថែមទៀតលើថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែករយៈពេលវែងរបស់ខ្លួនលើឥន្ធនៈហ្វូស៊ីល ដែលងាយនឹងមានការប្រែប្រួលតម្លៃ និងអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់នេះ។
លោកបណ្ឌិត Birol បានសង្កត់ធ្ងន់ថា អាស៊ីអាគ្នេយ៍គួរតែរៀនពីបទពិសោធរបស់អឺរ៉ុប និងធ្វើពិពិធកម្មប្រភពនាំចូលថាមពលរបស់ខ្លួន រួមទាំងប្រភពនាំចូលប្រេង ឧស្ម័ន និងធ្យូងថ្មផងដែរ។
លោកមានប្រសាសន៍ថា៖ «អឺរ៉ុបបានបង្កើតកំហុសមួយ ទោះបីជា IEA បានលើកឡើង និងព្រមានជាច្រើនឆ្នាំមកហើយថា អ្នកមិនគួរពឹងផ្អែកលើអ្នកផ្គត់ផ្គង់ដ៏សំខាន់តែមួយគត់សម្រាប់អ្វីមួយនោះទេ»។ លោកបានបន្ថែមថា៖ «ឧស្ម័នភាគច្រើន និងប្រេង គឺបានមកពីប្រទេសតែមួយ គឺរុស្ស៊ី»។
ដោយសារជម្លោះនៅអ៊ុយក្រែន ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីបានធ្លាក់ចុះ ហើយបណ្តាប្រទេសនៅអឺរ៉ុបបានតស៊ូស្វែងរកដំណោះស្រាយជំនួស។
ប្រទេសអាឡឺម៉ង់បានដំណើរការរោងចក្រធ្យូងថ្មឡើងវិញនៅក្នុងខែសីហា ហើយកំពុងបង្កើនការនាំចូលធ្យូងថ្ម ដើម្បីបន្តដំណើរការស្ថានីយថាមពលឡើងវិញ។
លោកបណ្ឌិត Birol បានប្រាប់កាសែត CNA ថា ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលធ្វើឱ្យប្រទេសនានាងាយរងគ្រោះចំពោះការប្រែប្រួលតម្លៃលើសពីការគ្រប់គ្រងរបស់ពួកគេ។
លោកថ្លែងទៀតថា៖ «វាត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុននាំចេញថាមពលធំៗមួយចំនួន ហើយសម្រាប់ហេតុផលនយោបាយ ឬហេតុផលផ្សេងទៀត ពួកគេអាចនឹងផ្លាស់ប្តូរចិត្តរបស់ខ្លួន ហើយពួកគេអាចបង្កើតតម្លៃ។ ហើយសេដ្ឋកិច្ចរបស់អ្នកគឺងាយរងគ្រោះទាំងស្រុងចំពោះតម្លៃខ្ពស់»។
លោកបណ្ឌិត Birol បានថ្លែងទៀតថា ដំណោះស្រាយដ៏ល្អបំផុតក្នុងកាលៈទេសៈបែបនេះគឺកំពុងងាកទៅរកជម្រើសថាមពលស្អាត ដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងជីវថាមពល និងការប្រើប្រាស់យានយន្តដូចជារថយន្តអគ្គិសនីជាដើម។ នេះបើយោងតាមកាសែទ CNA៕