(ប៉េកាំង)៖ ប្រទេសចិននឹងពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីកែលម្អសមត្ថភាពរបស់ខ្លួនក្នុងការធានាការផ្គត់ផ្គង់ស្បៀងអាហារ ខណៈពេលដែលរក្សាស្ថិរភាពសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ផែនការរបស់ក្រសួងកសិកម្មចិនដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ផែនការពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទនេះ ដែលទទួលបានការគាំទ្រពីក្រសួងនិងទីភ្នាក់ងាររដ្ឋាភិបាលចំនួនប្រាំបី កើតឡើងក្នុងគ្រាដែលមានការថយចុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង និងការធ្លាក់ចុះវិស័យអចលនទ្រព្យដែលអូសបន្លាយពេលយូរ។

ទីក្រុងប៉េកាំងបានចេញវិធានការណ៍មួយរួចហើយ ដើម្បីព្យាយាមជំរុញសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៅឆ្នាំនេះ ប៉ុន្តែវិធានការដែលកំពុងអនុវត្តនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កំពុងរារាំងសកម្មភាពសេដ្ឋកិច្ច។

ផែនការហេដ្ឋារចនាសម្ព័ន្ធជនបទនេះ នឹងកំណត់គោលដៅលើការជួសជុលប្រព័ន្ធធារាសាស្រ្ត ការពង្រឹងអាងស្តុកទឹក ការសាងសង់ផ្ទះកញ្ចក់ទំនើប និងជលផល ព្រមទាំងកន្លែងក្លាសេផលិតផលដើម្បីរក្សាទុកបានយូរផងដែរ។

ផែនការនេះបានជំរុញឱ្យមានការចាប់ផ្តើមការសាងសង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយរដ្ឋាបាលក្នុងតំបន់ក៏ត្រូវបានលើកទឹកចិត្តឱ្យគាំទ្រគម្រោងនេះផងដែរ។

ផែនការនេះបានលើកឡើងថា៖ «ការពង្រឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទគឺជាកិច្ចការសំខាន់មួយសម្រាប់ពង្រីកការវិនិយោគប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពទីផ្សារសេដ្ឋកិច្ចទាំងមូល»