(ហាណូយ)៖ ក្រុមហ៊ុន Nghi Son Refinery and Petrochemical (NSRP) ដែលប្រតិបត្តិកររោងចក្រចម្រាញ់ប្រេងធំបំផុតនៅវៀតណាមបានឱ្យដឹងនៅថ្ងៃអង្គារថា រោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុននឹងដំណើរការពេញសមត្ថភាពនៅក្នុងត្រីមាសទី៤ ដើម្បីធានាបាននូវការផ្គត់ផ្គង់ផលិតផលប្រេងដែលមានស្ថិរភាពសម្រាប់ទីផ្សារក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុន NSRP ថា រោងចក្រដែលមានសមត្ថភាពចម្រាញ់ប្រេង ២សែនបារ៉ែលក្នុងមួយថ្ងៃនេះ នឹងផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈពី ២,៤លានទៅ ២,៥លានម៉ែត្រគូបក្នុងអំឡុងពេលពីខែតុលាដល់ខែធ្នូ ដូចដែលក្រុមហ៊ុនបានប្តេជ្ញា។
សេចក្តីថ្លែងការណ៍ដដែលនេះត្រូវបានចេញផ្សាយតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីស្ថានីយប្រេងឥន្ធនៈជាច្រើននៅភាគខាងត្បូងប្រទេសវៀតណាមបានបិទទ្វារ ឬដាក់កម្រិតការលក់របស់ខ្លួនដោយលើកឡើងពីការលំបាកផ្នែកហិរញ្ញវត្ថុ ។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
ក្រុមហ៊ុន NSRP បានឱ្យដឹងថា៖ «ថ្មីៗនេះការផ្គត់ផ្គង់ប្រេងឥន្ធនៈពីបរទេសទៅកាន់ប្រទេសវៀតណាមបានជួបប្រទះការលំបាកជាច្រើនដែលអាចនាំឱ្យមានកង្វះខាតផលិតផលប្រេងនៅតាមភា្នក់ងារប្រេងឥន្ធនៈ និងស្ថានីយលក់រាយប្រេងឥន្ធនៈមួយចំនួន"។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រោងចក្រចម្រាញ់ប្រេងផ្សេងទៀតរបស់ប្រទេសវៀតណាមគឺក្រុមហ៊ុន Binh Son បានឱ្យដឹងថា ខ្លួនបានបង្កើនផលិតកម្មដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈក្នុងស្រុក ហើយកំពុងដំណើរការក្នុងកម្រិត ១០៩ ភាគរយនៃសមត្ថភាពរបស់ក្រុមហ៊ុន។
រោងចក្រចម្រាញ់ប្រេងទាំងពីរនេះរួមបញ្ចូលគ្នាបំពេញបានប្រហែល ៧០ភាគរយនៃតម្រូវការប្រេងចម្រាញ់របស់ប្រទេសវៀតណាម។
នៅថ្ងៃពុធសប្តាហ៍មុនក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានស្នើឱ្យធនាគាររដ្ឋវៀតណាមជួយពាណិជ្ជករប្រេងឥន្ធនៈក្នុងស្រុកឱ្យមានលទ្ធភាពទទួលបានរូបិយប័ណ្ណបរទេសកាន់តែប្រសើរឡើង ដើម្បីទូទាត់សម្រាប់ការនាំចូល ខណៈដែលក្រុមហ៊ុនទាំងនោះប្រឈមនឹងការកើនឡើងតម្លៃខ្លាំង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យគយរបស់រដ្ឋាភិបាលវៀតណាមថា ការនាំចូលឥន្ធនៈចម្រាញ់របស់វៀតណាមក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះបានកើនឡើង ២២,៧ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុនដល់ ៦,៥២លានតោន ប៉ុន្តែតម្លៃនាំចូលបានកើនឡើង ១៣១ភាគរយដល់ ៦,៨ពាន់លានដុល្លារ។
ភាគហ៊ុនរបស់ក្រុមហ៊ុន NSRP ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Idemitsu Kosan Co របស់ប្រទេសជប៉ុនចំនួន ៣៥,១ភាគរយ និងក្រុមហ៊ុន Kuwait Petroleum ចំនួន ៣៥,១ភាគរយ និងក្រុមហ៊ុនប្រេងរដ្ឋរបស់វៀតណាម PetroVietnam កាន់កាប់ ២៥,១ភាគរយ និងក្រុមហ៊ុន Mitsui Chemicals Inc. ចំនួន ៤,៧ភាគរយ៕