(ហ្វីលីពីន)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB បានទទួលពានរង្វាន់សម្រាប់ការអភិវឌ្ឍឆ្នាំ២០២២ (Development Awards 2022) ក្រោមប្រភេទការអភិវឌ្ឍសេដ្ឋកិច្ច នៅមូលដ្ឋានថ្នាក់ក្រោមជាតិ (Local Economic Development) ដែលផ្តល់ដោយសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី និងប៉ាស៉ីហ្វិក- Association of Development Financing Institutions in Asia and the Pacific (ADFIAP) នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនធនាគារ ARDB សម្រាប់ការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យស្រូវ-អង្ករនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ជូនដល់ប្រជាកសិករ, រោងម៉ាស៊ីនកិនស្រូវ និងភាគីពាក់ព័ន្ធផ្សេងទៀត។
ក្នុងឱកាសទទួលពានរង្វាន់នេះ លោកបណ្ឌិតបានចែករំលែកអំពី ទឹកភ្នែកកសិករស្រក់ក្នុងឆ្នាំ២០១៦ ដោយតម្លៃស្រូវធ្លាក់ចុះដល់កម្រិតទាបបំផុតហើយគ្មានអ្នកទិញស្រូវទៀត។ ប៉ុន្តែដោយមានអន្តរាគមន៍យ៉ាងឆាប់រហ័សពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែគិតគូរដល់ប្រជាកសិករគ្រប់ពេលវេលា បញ្ហាត្រូវបានដោះស្រាយ និងធ្វើឲ្យមានស្ថិរភាពថ្លៃស្រូវឡើងវិញ ដោយការបង្កើតឲ្យមានឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវតាមបណ្តារខេត្តគោលដៅ ររួមទាំងការផ្តល់ទុនបង្វិល ក្នុងការទិញស្រូវតាមរយៈធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម(ARDB )៕