(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងថា ការប្រមូលចំណូលពន្ធលើសផែនការ ឬអតិរេកនៃការប្រមូលពន្ធ មិនមែនបានមកពីការបន្ថែមបន្ទុកពន្ធទៅលើអ្នកជាប់ពន្ធនោះទេ តែដោយសារកំណែទម្រង់របស់ពន្ធដារ ដែលបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ។
លោក លើកឡើងបែបនេះធ្វើឡើងក្នុងវេទិកាស្តីពីពន្ធដារ (Tax Forum) ឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) បានរៀបចំ លើកទី ៧ បន្ទាប់ពីខកខានក្នុងការរៀបចំក្នុងអំឡុងឆ្នាំ២០២០ និង២០២១ ដោយសារតែស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩។
វេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM) និងវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំ អគ្គនាយករង ប្រធាន-អនុប្រធាន នាយកដ្ឋានថ្នាក់កណ្តាល និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារបានចូលរួម ព្រមទាំងវត្តមានចូលរួមរបស់សមាជិកសភា ពាណិជ្ជកម្មអឺរ៉ុប ភ្នាក់ងារ សេវាកម្មពន្ធដារ អ្នកជាប់ពន្ធជាម្ចាស់ និងអ្នកតំណាងសហគ្រាស ប្រមាណជាង ២០០ នាក់។
ថ្លែងក្នុងវេទិកាស្តីពីពន្ធដារ នាថ្ងៃទី២៦ ខែតុលានេះ លោក គង់ វិបុល បានគូសបញ្ជាក់ថា ប្រព័ន្ធពន្ធដារកម្ពុជាបច្ចុប្បន្ន គឺដើរទាន់នឹងរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសនានាក្នុងតំបន់ជាអាទិ សិង្ហបុរី ម៉ាឡេស៊ី និងថៃ ជាដើម។
ទន្ទឹមគ្នានេះ លោកបានរំលឹកអំពីដំណាក់កាលដំបូងនៃការអនុវត្តនូវកំណែទម្រង់ពន្ធដារ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ហើយលទ្ធផលចំណូល ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារសម្រេចបានលើសផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។
ឆ្លើយតបនឹងសំណួរដែលតែងតែចោទសួរពីអ្នកជំនាញការ និង ស្ថាប័នអន្តរជាតិ អំពី «តើចំណូលពន្ធកម្ពុជានឹងមាននិរន្តរភាពដែរឬទេ?» លោកបានសង្កត់ធ្ងន់ថា លទ្ធផលប្រមូលចំណូលពន្ធលើសផែនការ បានបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន គឺសរុបមកជិត ១០ឆ្នាំ។
លោកបានគូសបញ្ជាក់បន្ថែមថា« អតិរេក (Surplus) ក្នុងការប្រមូលចំណូលពន្ធ មិនមែនមកពីការ បន្ថែមបន្ទុកពន្ធទៅលើអ្នកជាប់ពន្ធនោះទេ ប៉ុន្តែវាមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការអនុវត្តកំណែទម្រង់ និងទំនើបកម្មពន្ធដារ ដោយមានអភិបាលកិច្ចល្អ (Good Governance) គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់និងទំនើបកម្មនៃ អគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ បង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្តែពិបាកក្នុងការគេចវេះពន្ធ»។
ក្នុងឱកាសនោះដែរ លោក Tassilo Brinzer បានវាយតម្លៃ ខ្ពស់ចំពោះការ យកចិត្តទុកដាក់របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការដោះស្រាយយ៉ាងសកម្មរាល់បញ្ហាប្រឈម សំណូមពរនានា របស់ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM)។
លោកបន្តថា ការធ្វើទំនើបកម្មនិងកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្កភាពងាយស្រួល និងពង្រឹងតម្លាភាពក្នុងការបង់ពន្ធ និងពង្រឹងនូវការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ក្នុងចំណោមសហគ្រាសទាំងឡាយ។
សូមជម្រាបថា គិតត្រឹមរយៈពេល ៩ខែ និង ២៥ថ្ងៃ នៃខែតុលា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ ប្រមាណ ២ ៩៣០ លានដុល្លារ ពោលគឺសម្រេចបាន ១០៤% នៃផែនការ៕