(ភ្នំពេញ)៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ មានអតិថិជនជាង ៥០ម៉ឺននាក់ បានប្រើប្រាស់ប្រតិបត្តិការក្នុងប្រព័ន្ធបាគងគិតជាទឹកប្រាក់ចំនួ ១.២ប៊ីលានដុល្លារ។ នេះបើតាមលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា។
លោកស្រី ជា សិរី បានបញ្ជាក់ថា «ប្រតិបត្តិការក្នុងប្រព័ន្ធបាគងមានទឹកប្រាក់ចំនួន ១.២ប៊ីលានដុល្លារ ចំណែកចំនួនប្រតិបត្តិដោយផ្ទាល់ និងប្រយោលមានប្រមាណ ២លានប្រតិបត្តិការ ដោយឡែកចំពោះអ្នកប្រើប្រាស់កម្មវិធីដោយផ្ទាល់របស់បាគងមានកន្លះលាននាក់»។
លោកស្រី ជា សិរី បានលើកឡើងថា បច្ចុប្បន្នការវិវត្តន៍ និងការប្រើប្រាស់ប្រព័ន្ធបាគង មានស្ថានភាពល្អប្រសើរ ដោយសារតែប្រព័ន្ធបានគង ត្រូវបានសម្រួលសម្រាប់ផ្ទេរប្រាក់ពីធនាគារមួយ ទៅកាន់ធនាគារមួយទៀត។ បច្ចុប្បន្នប្រព័ន្ធបាគង ត្រូវបានបន្ថែមប្រព័ន្ធថ្មីៗ ដែលបានផ្ដល់លទ្ធភាពឲ្យប្រជាជន អាចប្ដូរប្រាក់ទាំងប្រាក់រៀល និងប្រាក់ដុល្លារ។
លើសពីនេះតាមរយៈប្រព័ន្ធបានគង់ ក៏មានប្រព័ន្ធ KHQR ជារបត់ស្ដង់ដារមួយនៃប្រព័ន្ធ QR Code អាចទូរទាត់ផ្ទេរប្រាក់ ទៅកាន់គ្រប់ធនាគារដែលជាសមាជិក។
ធនាគារជាតិនៃកម្ពុជា បានសហការជាមួយប្រទេសថៃ ក្នុងការទូទាត់តាមរយៈបាគង និងកំពុងសិក្សាសហការជាមួយប្រទេសវៀតណាម និងឡាវថទៀតទៀត។
លោកស្រីបញ្ជាក់ថា ចំពោះការសហការប្រើប្រាស់ប្រព័ន្ធបាគង ជាមួយប្រទេសជិតខាង បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ មិនចាំបាច់ដូរប្រាក់ ឬអាចទូរទាត់ប្រាក់ តាមរយៈគណនីយដែលមានស្រាប់ ប៉ុន្ដែចំពោះប្រាក់ដែលអាចទូរទាត់បាន គឺជាគណនី ដែលមានប្រាក់រៀល។
សូមជម្រាបថា ប្រព័ន្ធទូទាត់ បាគង បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា កំពុងក្លាយជាសមិទ្ធផលថ្មីគួរជាទីមោទន របស់ប្រទេសកម្ពុជា ដោយសារប្រព័ន្ធទូទាត់នេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងផ្តល់ពានរង្វាន់ជាបន្តបន្ទាប់ ពីស្ថាប័នជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុលំដាប់ពិភពលោក។
នៅឆ្នាំ២០២១ ការប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធទូទាត់ «បាគង» មាន២.៥ទ្រីលានរៀល និងប្រាក់ដុល្លារមាន៣ប៊ីលានដុល្លារអាមេរិក៕