(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ នៃពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First Stock» ឆ្នាំ ២០២២ ទទួលបានវិនិយោគិនថ្មីជាង២ពាន់នាក់ បានស្នើបើកគណនីជួញដូរភាគហ៊ុន ដែលស្មើនឹងបរិមាណនៃការបើកគណនីរយៈពេល ៧ខែ បើធៀបនឹងចំនួនបើកគណនីជួញដូរប្រចាំខែកាលពីកន្លងមក។

នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនដែលបានប្រពឹត្តិទៅកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា សង្កេតឃើញសាធារណជនមានការចាប់អារម្មណ៍ច្រើនជាងលើកមុនៗ ដោយមានចំនួនសាធារណជនរាប់ម៉ឺននាក់បានមកសាកសួរព័ត៌មាននានា ពីវឌ្ឍនភាពទីផ្សារ អត្ថប្រយោជន៍នៃការវិនិយោគ និងការបើគគណនីជួញដូរ នៅទីតាំងពិព៍រណ៍ផ្ទាល់ ។​ រយៈពេល៣ថ្ងៃនេះ សាធារណជនជាង ២,០៥០,០០០នាក់ បានជ្រាបពីព័ត៌មាននៃពិព័រណ៍ និងមានសាធារណជនជាង ៨១,០០០នាក់ បានចាប់អារម្មណ៍ និងចូលមកកាន់ទំព័រហ្វេសបុកផ្លូវការរបស់ផ្សារមូលបត្រកម្ពុជា ដើម្បីស្វែងយល់ពីផ្សារភាគហ៊ុន និងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ២០២២នេះ នៅមុន និងកំឡុងពេលនៃកម្មវិធី។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា​​ទីផ្សារ​ភាគហ៊ុនកម្ពុជា ទទួលបានចំណាប់អារម្មណ៍ខ្លាំងជាងមុន ដោយមានសាធារណជនជាច្រើនបានមកសួរព័ត៌មាននៅតាមស្តង់នានា និងបើកគណនីជួញដូរភ្លាមៗ នៅក្នុងពិព័រណ៍​ ដោយខុសពីលើកមុនៗ ដែល​ត្រូវចេញទៅរកពួកគាត់។ ជាលទ្ធផល រយៈពេលបីថ្ងៃនេះ ទទួលបានការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនថ្មី និងបើកគណនីជួញដូរបានជាង ២០០០ គណនីថ្មី។ បើធៀបនឹងចំនួនបើកគណនីជួញដូរប្រចាំខែ ដែលមានប្រមាណជាង៣០០គណនីក្នុងមួយខែ ដូចនេះក្នុងរយៈពេល៣ថ្ងៃនេះ ​ការបើកគណនីថ្មី បានចំនួនប្រមាណស្មើនឹង ៧ខែ។​

លោកបន្តថា ផ្សារមូលបត្រកម្ពុជានឹងបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលវិនិយោគិនថ្មីៗ ឱ្យយល់ច្បាស់ពីទីផ្សារ ដោយ​ផ្សារមូលបត្រកម្ពុជា នឹងមានវគ្គបណ្តុះបណ្តាលជារៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ២ ដល់ ៥រសៀល នៅអគារផ្សារមូលបត្រកម្ពុជា និងតាមប្រព័ន្ធអនឡាញ។ សាធារណជនរាប់រយនាក់នឹងមានឱកាសស្នើសុំបើកលេខអត្តសញ្ញាណវិនិយោគិនថ្មី និងបើកគណនីដោយឥតគិតថ្លៃផងដែរនៅក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។

​លោកបានបន្ថែមថា «ថ្លៃភាគហ៊ុនភាគច្រើននៅទីផ្សារ​បច្ចុប្បន្ន ស្ទើរទាំងអស់ កំពុងតែត្រូវបានជួញដូរក្នុងថ្លៃទាប ដូចនេះវិនិយោគិនរបស់យើងអាចទិញបានភាគហ៊ុនក្រុមហ៊ុនល្អៗ ក្នុងថ្លៃពិសេស ដែលនេះក៏មកពីកត្តាទីផ្សារ រួមផ្សុំជាមួយសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ការមានសង្គ្រាម និងវិបត្តិអតិផរណាជាដើម។ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់វិនិយោគិនទាំងអស់គ្នា ព្រោះថ្លៃភាគហ៊ុនអាចនឹងឡើងថ្លៃវិញខ្លាំងក្នុងពេលខាងមុខ ដូចខ្ញុំធ្លាប់បាននិយាយថា ទិញហ៊ុន ក៏នឹងអាចធ្វើឱ្យយើងក្លាយជាអ្នកមានបានដែរ»